ភ្នំពេញ៖ ធនាគារ ABA ដែលជាសមាជិកនៃសម្ពន្ធធនាគារជាតិកាណាដាបានប្រារព្ធពិធីសម្ពោធបើកជាផ្លូវការឡើងវិញ នូវអគារការិយាល័យកណ្ដាល និងអគារសេវាអតិថិជនប្រចាំការិយាល័យកណ្ដាលរបស់ខ្លួន ។ ពិធីនេះត្រូវបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី១៤ មីនា២០១៨ក្រោមអធិបតីភាពលោកAskhatAzhikhanovនាយកប្រតិបត្តិធនាគារ ABA និងលោកLouis Vachonនាយកប្រតិបត្តិធនាគារជាតិកាណាដា ។
លោកAskhatAzhikhanovបានមានប្រសាសន៍ថា “យើងបានដឹងថាយើងត្រូវតែវិវឌ្ឍន៍រីកចម្រើនទៅមុខតាមពេលវេលា និងនាំមកនូវអគារដ៏ទំនើប និងថ្មីសន្លាងនេះ ដែលនឹងបំពេញតម្រូវការធុរកិច្ច និងផ្ដល់ឱកាសដល់ការរីកចម្រើនទៅមុខបន្ថែមទៀត” ។ លោកក៏បានបន្ថែមទៀតថា “ឥឡូវនេះយើងមានកន្លែងធំទូលាយសម្រាប់ប្រជុំ, ពិភាក្សាការងារ, ក៏ដូចជាកិច្ចការ និងសកម្មភាពកម្សាន្តដើម្បីប្ដូរបរិយាកាសសម្រាប់បុគ្គលិកយើងផងដែរ” ។
មានប្រសាសន៍នៅក្នុងឱកាសនោះផងដែរ លោកLouis Vachonនាយកប្រតិបត្តិនៃធនាគារជាតិកាណាដាបានលើកឡើងថា“ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានមកចូលរួមជាមួយលោកលោកស្រីអ្នកនាងកញ្ញានៅក្នុងពិធីសម្ពោធបើកជាផ្លូវការនៃអគារការិយាល័យកណ្ដាលរបស់ធនាគារABA នាឱកាសនេះ ។ សមិទ្ធផលនេះជានិមិត្តរូបនៃការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់សម្ពន្ធធនាគារជាតិកាណាដានៅកម្ពុជា” ។
អគារការិយាល័យកណ្ដាលរបស់ធនាគារABA ត្រូវបានជួសជុលកែលម្អថ្មី និងប្រែក្លាយទៅជាអគារការិយាល័យដ៏ទំនើប និងធំទូលាយប្រកបដោយសោភណភាពកណ្ដាលទីក្រុងភ្នំពេញ ។ អគារសេវាអតិថិជនប្រចាំការិយាល័យកណ្ដាលត្រូវបានបើកនៅកន្លែងស្ដុបកែងជ្រុងនៃមហាវិថីព្រះសីហនុ និងផ្លូវ៦៣ដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជន ដែលបន្តកើនឡើងជាបន្តបន្ទាប់ ។ អគារសេវាអតិថិជនបានបន្ថែមម៉ោងប្រតិបត្តិការព្រមទាំងបើកដំណើរការ៧ថ្ងៃក្នុងមួយសប្ដាហ៍ និងរយៈពេល១២ម៉ោងក្នុងមួយថ្ងៃ ដែលនឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់ABA ។ ការជួសជុល និងកែលម្អអគារការិយាល័យកណ្ដាល និងការបើកឲ្យដំណើរការអគារសេវាអតិថិជននេះជាទឡ្ហីករណ៍យ៉ាងច្បាស់ ដែលបង្ហាញអំពីការគាំទ្រដ៏រឹងមាំពីសំណាក់ភាគហ៊ុនិកដ៏ធំរបស់ABA គឺធនាគារជាតិកាណាដាព្រមទាំងបង្ហាញពីការប្ដេជ្ញាចិត្តរួមរបស់ស្ថាប័នទាំងពីរក្នុងការបម្រើសេវាជូនប្រជាជនកម្ពុជាផងដែរ៕ វឌ្ឍនា