ខេត្តកំពង់ស្ពឺ៖ ដើម្បីរំឭកខួបអនុសាវរីយ៍លើទី៦០ នៃទំនាក់ទំនងការទូតរវាងកងទ័ពនៃព្រះរាជាណាចក្រកម្ពុជាជាមួយកងទ័ពរំដោះប្រជាជនចិននោះ ប្រទេសទាំងពីរបានរៀបចំលំហាត់សមយុទ្ធយោធាទ្រង់ទ្រាយធំមួយដែលមានរយៈពេល ១៥ថ្ងៃ ដែលចាប់ផ្តើមបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនិងលោកឧត្តមសេនីយ៍ទោ Zhang Jian មេបញ្ជាការកងទ័ពជើងគោកតំបន់ខាងត្បូងតំណាងឲ្យកងទ័ពរំដោះប្រជាជនចិន។
លំហាត់សមយុទ្ធយោធារវាងកងទ័ពកម្ពុជា-ចិននេះត្រូវបានរៀបសហការប្រារព្ធបើកជាផ្លូវការនៅលើទីលានបាញ់គ្រាប់ពិត កងពលតូចថ្មើរជើងលេខ៧០ ស្ថិតនៅតំបន់ជួរភ្នំធំម្រះព្រៅ ក្នុងភូមិសាស្រ្តភូមិថ្លុកដូនសរ ឃុំត្រពាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន មានប្រសាសន៍ថា ក្នុងឆ្នាំ២០១៨នេះ គឺជាខួបអនុសាវរីយ៍លើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតផ្លូវការ រវាងប្រទេសទាំងពីរកម្ពុជា-ចិន នៅថ្ងៃទី១៩ ខែកក្តដា ឆ្នាំ១៩៥៨។ សម្រាប់ចំណងការទូត និងកិច្ចសហប្រតិបត្តិការនេះ បានពង្រឹងជាបន្តបន្ទាប់រហូតឈានដល់កិច្ចសហប្រតិបត្តិការទ្វាភាគីកម្ពុជា-ចិន គឺជា «កិច្ចសហប្រតិបត្តការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន មានប្រសាសន៍ទៀតថា ដើម្បីអបអសាទរ និងរឹតបណ្តឹងចំណងមិត្តភាពដ៏យូរអង្វែងមិនអាចកាត់ថ្លៃបានកម្ពុជា-ចិន ទើបកងយុទ្ធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន រៀបចំធ្វើលំហាត់យោធារួមគ្នាដែលមានឈ្មោះថា«លំហាត់នាគមាសឆ្នាំ២០១៨ DRAGON GOLD 2018» ក្នុងគោលបំណងជំរុញឲ្យស៊ីជម្រៅទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការប្រឆាំងភេវកម្ម ការងារមនុស្សធម៌ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានស្វាគមន៍យ៉ាងកក់ក្តៅវត្តមានរបស់លោកឧត្តមសេនីយ៍ទោ Zhang Jian មេបញ្ជាការកងទ័ពជើងគោកតំបន់ខាងត្បូងតំណាងកងទ័ពរំដោះប្រជាជនចិន ព្រមទាំងយោធិកងទ័ពរំដោះប្រជាជនចិន ភ្ញៀវជាតិ អន្តរជាតិ អនុព័ន្ធយោធា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមក្នុងលំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨នេះ នៅលើទឹកដីអង្គរនៃយើង។ នាពេលកន្លងមករដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិចិនបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាលើវិស័យការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ក្នុងនោះវិស័យយោធា ភាគីចិនបានជួយឧបត្ថម្ភទាំងសម្ភារៈថវិកា ដើម្បីឲ្យកងយោធពលខេមរភូមិន្ទមានលទ្ធភាពក្នុងការកសាងពង្រឹងសមត្ថភាពរបស់ខ្លួន សម្រាប់បម្រើឲ្យកិច្ចការពារជាតិ។
ទន្ទឹមនេះដែរ មិត្តចិនបានយកចិត្តទុកដាក់គ្រាំទ្រឧបត្ថម្ភដល់វិស័យហ្វឹកហ្វឺនបណ្តុះបណ្តាល ក្នុងកងយោធពលពលខេមរភូមិន្ទ ដើម្បីកសាងសពង្រឹងសមត្ថភាពធនធានមនុស្សវ័យក្មេង ឲ្យក្លាយជាមូលធនមនុស្សសម្រាប់បន្តវេនក្នុងកងយុទ្ធពលខេមរភូមិន្ទជាជញ្ជាំងដ៏រឹងមាំក្នុងការបន្តកិច្ចការពារសន្តិភាព ឯករាជ្យ មានសមត្ថភាព អធិបតេយ្យភាព និងគោលនយោបាយជាដ៏ត្រឹមត្រូវ ដើម្បីបន្តមាគ៌ាអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងទៀតថា ជាក់ស្តែងកន្លងមក ក្នុងដំណើរការទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមជាសហប្រធាន ក្នុងកិច្ចប្រជុំសហប្រតិបត្តិការមេគង្គ-ឡាងឆាងលើកទី២ នៅព្រះរាជាណាចក្រកម្ពុជា លោកលី ខឺឈាង នាយរដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជំនួយ ១៨០០លានយ័ន ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបានចុះកិច្ចព្រមព្រៀងជាច្រើនទៀតដែលជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរកម្ពុជា-ចិន។
តាមរយៈសមទ្ធិផលយ៉ាងត្រចេះត្រចង់ និងសាមគ្គីភាព មេត្រីភាពឈានដល់កម្រិតកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ទើបប្រទេសទាំងពីរបានដាក់ចេញ និងប្តេជ្ញាចិត្តរួមគ្នា ក្នុងការអភិវឌ្ឍន៍ប្រទេស បានប្រកាន់ភ្ជាប់នូវ«នយោបាយចិនតែមួយ» ជាសក្ខីកម្មដ៏ពិសិទ្ធចំណងមេត្រីភាពយូអង្វែង និងអបតៈរវាងកម្ពុជា-ចិន។
អគ្គមេបញ្ជាការកងយោធពល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំយកចិត្តទុកដាក់កសាង និងពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្តាប្រទេសជាមិត្តទូទាំងពិភពលោក។ គោលដៅយុទ្ធសាស្រ្តរបស់កម្ពុជា គឺរួមរស់ដោយសន្តិសហវិជ្ជមាន និងសហប្រតិបត្តិការជាមួយប្រទេសលើពិភពលោកកំពុងបំពេញតួនាទីយ៉ាងសំខាន់ដោយស្មើសិទ្ធនិងស្មើភាព ក្នុងកិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។
កងយុទ្ធពលខេរភូមិន្ទជាឆ្អឹងខ្នងដ៏រឹងមាំនៃប្រទេសជាតិ ទោះស្ថិតក្នុងតម្លៃណាក៏ដោយកងទ័ព ត្រូវការពារសុខសន្តិភាព និងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌។ ដើម្បីឆ្លើយតបក្នុងការការពារប្រជាពលរដ្ឋ រដ្ឋធម្មនុញ្ញ សំដៅប្រមូលផ្តុំនូវសក្តានុពលទាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចំរើន។
ចំពោះសារសំខាន់ៗកិច្ចសហប្រតិបត្តិការ និងគោលបំណង ព្រមទាំងសំណូមពរនៃកំហាត់នាគមាសឆ្នាំ២០១៨នេះរួមមានដូចខាងក្រោម៖
១-បណ្តាកងឯកភាព និងស្ថាប័នពាក់ព័ន្ធ ត្រូវគោរពប្រតិបត្តិឲ្យបានម៉ឹងម៉ាត់នូវបទបញ្ជា វិន័យទូទៅ និងលក្ខន្តិកនៃកងយោធពលខេមរភូមិន្ទ និងយកចិត្តទុកដាក់ប្រដោយសា្មរតីម្ចាស់ការក្នុងការអនុវត្តន៍ភារកិច្ចរបស់ខ្លួនតាមផែនកំណត់។
២-ក្នុងនាមជាម្ចាស់ផ្ទះ ត្រូវបង្កឲ្យមានភាពស្និទស្នាលបង្កើតបរិយាកាសរីករាយ រក្សាឲ្យបានកិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃនៃវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ជាតិយើង។
៣-ត្រូវយកចិត្តទុកដាក់ សម្របសម្រួលដល់កងកម្លាំងភាគីជាមិត្ត ផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រនូវចំណេះដឹងជំនាញថ្មីៗ ពីភាគីមិត្តចិន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពការពារជាតិឲ្យកាន់តែល្អប្រសើរ។
៤-ត្រូវលើកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែមានភាពស្និទស្នាលរវាងកម្ពុជា-ចិន ដោយឈរលើស្មារតីស្មើភាព គោរពគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាឲ្យដំណើរការនៃលំហាត់នាគមាសឆ្នាំ២០១៨ ប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ។
៥-គណៈកម្មការនិងក្រុមការងារទាំងអស់ ត្រូវខិតខំអនុវត្តតួនាទីរបស់ខ្លួនឲ្យបានហ្មត់ចត់ និងធានាដោះស្រាយរាល់ការងារផ្គត់ផ្គង់ និងបែងចែកឲ្យបានល្អ ត្រឹមត្រូវតាមគោលការណដែលកំណត់ ពិសេសត្រុវធានាសុវត្ថិភាព សន្តិសុខទាំងមនុស្ស និងគ្រឿងបំពាក់ ក្នុងពេលដំណើរការលំហាត់នេះឲ្យបាន១០០%។
សូមរំឭកថា សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជា-ចិន គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅភូមិសាស្ត្រតំបន់ភ្នំធំម្រះព្រៅ ភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាទីតាំងរបស់កងពលអន្តរាគមន៍លេខ៧០។
សមយុទ្ធនេះបានផ្តោតទៅលើការប្រឆាំងភេរវកម្ម សង្គ្រោះបន្ទាន់ លំហាត់បាញ់គ្រាប់ពិត នឹងប្រើប្រាស់សព្វាវុធទំនើបៗដូចជា ឧទ្ធម្ភាគចក្រ Z10 បំពាក់កាំជ្រួចបាញ់ចំគោលដៅ កាំភ្លើងត្បាល់ចូលគោលដៅដែលបានកំណត់ និងរថពាសដែក ដែលមានភាគីកម្ពុជាមានកងទ័ពចំនួន ២៨០នាក់ និងភាគីចិនមានចំនួន ១៩០នាក់។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានឲ្យដឹងថា រថពាសដែក និងរថក្រោះចំនួន ០៨គ្រឿង រួមទាំងឧទ្ធម្ភាគចក្រចំនួន ០៣គ្រឿង និងគ្រឿងយុទ្ធោបករណ៍ជាច្រើនទៀតដែលបម្រើក្នុងវិស័យយោធារបស់កងទ័ពចិន បានបញ្ជូនមកដល់កម្ពុជាអស់ហើយ ដើម្បីចូលរួមសមយុទ្ធលំហាត់នាគមាសឆ្នាំ២០១៨ បានដឹកមកដល់កម្ពុជាអស់ហើយ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ កន្លងមកនេះ។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ឧទ្ធម្ភាគចក្ររបស់កងទ័ពចិនចំនួន០៣គ្រឿង ក៏ត្រូវបានបញ្ជូនមកកម្ពុជា ដើម្បីចូលរួមសមយុទ្ធនាគមាស។ កងទ័ពរំដោះប្រជាតិចិន មានឧទ្ធម្ភាគចក្រចំនួន០៣គ្រឿង រថពាសដែក ០៨គ្រឿង និងគ្រឿងបំពាក់ផ្សេងៗទៀត ដែលសរុបទាំងអស់ មានចំនួន២៥គ្រឿង។ ចំណែកកងទ័ពកម្ពុជា ប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន ០៦គ្រឿង រថពាសដែក ០៨គ្រឿង។
មន្ត្រីជាន់ខ្ពស់ដដែលបានឲ្យដឹងបន្ថែមទៀតថា ទាំងរថពាសដែក រថក្រោះ និងឧទ្ធម្ភាគចក្រ ព្រមទាំងយុទ្ធោបករណ៍ ត្រូវបានបញ្ជូនដល់ភូមិសាស្ត្រតំបន់ភ្នំធំ ម្រះព្រៅ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ មានយុទ្ធោបករណ៍មិត្តចិន ត្រូវបានបញ្ជូនមកដល់ទីលានធ្វើលំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ នៅភូមិសាស្ត្រភ្នំធំម្រះព្រៅ ខេត្តកំពង់ស្ពឺ។
សម្ភារៈទាំងនេះរួមមាន៖ រថពាសដែកចំនួន ០៨គ្រឿង, រថយន្តដឹកជញ្ជូនចំនួន ០៦គ្រឿង, រថយន្ត Jeep ចំនួន០៧គ្រឿង, រថយន្តចល័តសម្រាប់ជួសជុលរថពាសដែក ចំនួន០១គ្រឿង, រថយន្តដឹកទឹកស្អាតចំនួន០១គ្រឿង, រថយន្តពេទ្យ ចំនួន០១គ្រឿង, រថយន្តដឹកទឹកចំនួន ០១គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនទៀត។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការដឹកនាំធ្វើលំហាត់រួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានប្រាប់ដល់ប្រជាពលរដ្ឋ កុំឲ្យការភ្ញាក់ផ្អើលចំពោះសំឡេងស្នូរផ្ទុះ និងការចល័តយុទ្ធោបករណ៍យោធា ចន្លោះពីថ្ងៃទី១៥ ដល់៣០ ខែមីនា ឆ្នាំ២០១៨។
សេចក្ដីជូនដំណឹងនេះ គឺដើម្បីបញ្ជាក់សាជាថ្មីថា ការធ្វើសមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជា និងចិន ដែលត្រូវរៀបចំនៅភូមិសាស្ត្រតំបន់ភ្នំធំ ម្រះព្រៅ ភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដើម្បីសុវត្ថិភាពគណៈកម្មការដឹកនាំលំហាត់ សំណូមពរដល់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដីដែលមានការពាក់ព័ន្ធ ផ្សព្វផ្សាយព័ត៌មានអំពីលំហាត់បាញ់គ្រាប់ពិតនេះ និងហាមឃាត់ដល់ប្រជាពលរដ្ឋមិនឲ្យចូលទៅក្នុងតំបន់នោះឡើយ។
សូមជម្រាបថា ការធ្វើសមយុទ្ធនេះ គឺជាលើកទី២ហើយ រវាងយោធាកម្ពុជា និងចិន ហើយវិញ្ញាសារដែលភាគីទាំង២ធ្វើរួមមាន៖ ការរាវមីន និងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ការដោះគ្រាប់បែកសារធាតុគីមីពុល ការបន្សាបជាតិគីមីពុល ការប្រយុទ្ធកងអនុសេនាធំរថក្រោះសហការជាមួយវរសេនាតូចថ្មើជើង ការរំដោះចំណាប់ខ្មាំង និងការងារមនុស្សធម៌ ព្រមទាំងបាញ់គ្រាប់ពិតជាដើម។
តាមរយៈលំហាត់សមយុទ្ធនេះ សង្ឃឹមយ៉ាងមុតមាំថា «លំហាត់នាគមាសឆ្នាំ២០១៨ DRAGON GOLD2018» នឹងនាំមកនូវផលប្រយោជន៍ធំធេងដល់កងយោធពលខេមរភូមិន្ទ អំពីបច្ចកទែស បទពិសោធន៍ និងចំណេះដឹងជំនាញថ្មោះ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែមានសក្កានុពលខ្លាំងខ្លាថែមមួយទៀត៕