ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី

ចែករំលែក៖

អូស្ត្រាលី៖ នៅព្រឹកថ្ងៃទី ១៧ មីនា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដែលបានប្រារព្វធ្វើនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិស៊ីដនី ប្រទេសអូស្រ្តាលី។ មេដឹកនាំនៃប្រទេសអាស៊ាន ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពី ឯកឧត្តម ម៉ាល់ខូម ថើនប៊ុល(Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រ្តាលី។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ឆ្នាំ២០១៨នេះ មានគោលបំណងពង្រឹងការរួមចំណែករបស់អាស៊ាន និងអូស្រ្តាលី ក្នុងការការលើកកម្ពស់សន្តិសុខ និងវិបុលភាពតំបន់ ព្រមទាំងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន-អូស្រ្តាលី ឲ្យកាន់តែស៊ីជម្រៅ តាមរយះការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខនយោបាយ សេដ្ឋកិច្ច និងការតភ្ជាប់សម្រាប់រយះពេលជាឆ្នាំទៅមុខទៀត។ ទំនាក់ទំនងអាស៊ាន-អូស្រ្តាលី បានចាប់ផ្តើមឡើងក្នុងភាពជាដៃគូសន្ទនាដំបូងគេបង្អស់នៅឆ្នាំ១៩៧៤ ដោយមានសារសំខាន់យ៉ាងខ្លាំងសម្រាប់សន្តិសុខ និងវិបុលភាពក្នុងតំបន់។ ដោយមើលឃើញពីសារសំខាន់ នៃភាពចាំបាច់នៅក្នុងការថែរក្សាផលប្រយោជន៍ស្នូលផ្នែកសេដ្ឋកិច្ច សន្តិសុខ និងការដោះស្រាយបញ្ហាប្រឈមរួមគ្នា ទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី បានឯកភាព ឈានទៅដល់ភាពជាដៃគូយុទ្ធសាស្រ្តនៅក្នុងឆ្នាំ២០១៤។ នៅឆ្នាំ២០១៥ អាស៊ាន-អូស្រ្តាលី បានឯកភាពគ្នា ក្នុងការ រៀបចំឲ្យមាន កិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី រៀងរាល់២ឆ្នាំម្តង ក្នុងនោះនៅឆ្នាំ២០១៦ បានចេញសេដ្ឋកិច្ចថ្លែងការណ៍រួមមួយ ស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ជារៀងរាល់២ឆ្នាំម្តង ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ចាប់តាំងពីបានក្លាយជាដៃគូសន្ទនាអស់រយះពេល៤៤ឆ្នាំមក ។

នេះគឺជាលើកទី១ហើយ អូស្រ្តាលីបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅលើទឹកដីរបស់ខ្លួន។ ប្រធានបទសំខាន់ៗមួយចំនួន ត្រូវបានលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំកំពូលពិសេសនេះ គឺការផ្តោតសំខាន់ទៅលើទិសដៅអនាគតនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី និងសារសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យយុទ្ធសាស្រ្តមួយចំនួនដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថេរភាព ពោលគឺកិច្ចប្រជុំកំពូលនៅពេលនេះ បានផ្តល់អាទិភាពពិភាក្សាលើរបៀបវារះសំខាន់ចំនួនពីរ គឺការប្រយុទ្ធប្រឆាំងនិងអំពើភេរវកម្ម និងការធ្វើ ពាណិជ្ជកម្ម-វិនិយោគ។

អាស៊ានគឺជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំងបី របស់អូស្រ្តាលី ដែលតំណាងឲ្យប្រមាណ ១៥% នៃពាណិជ្ជកម្មសរុបរបស់អូស្រ្តាលី។ ការវិនិយោគផ្ទាល់របស់អូស្រ្តាលី ក្នុងប្រទេសអាស៊ាន នៅចុងឆ្នាំ២០១៦ មានចំនួន៣៨ប៊ីលានដុល្លា។ ជាមួយគ្នានេះអូស្រ្តាលីបានស្វាគមន៍ភ្ញៀវទេសចរណ៍ជាង១លាននាក់ ពីប្រទេសអាស៊ានជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៦-២០១៧ ជនជាតិអូស្រ្តាលីជាង៣លាននាក់ បានធ្វើដំណើរទៅកាន់ប្រទេសអាស៊ាន។ ទន្ទឹមនឹងនេះមាននិស្សិតប្រមាណ១សែននាក់ ពីប្រទេសអាស៊ាន កំពុងសិក្សាក្នុងប្រទេសអូស្រ្តាលី។

នៅក្នុងពិធីនេះ មេដឹកនាំអាស៊ាន-អូស្រ្តាលី បានអញ្ជើញជួបប្រាស្រ័យជាមួយអតីតនិស្សិតអូស្រ្តាលី ដែលបានសិក្សាក្នុងប្រទេសអាស៊ាន ក្រោមផែនការកូឡំបូ ថ្មី ៣នាក់ និងនិស្សិតនៃប្រទេសអាស៊ានកំពុងសិក្សាក្នុងប្រទេសអូស្រ្តាលី ក្រោមអាហារូបករណ៍ចំនួន១នាក់។

នៅក្នុងកិច្ចប្រជុំកំពូលពិសេសនេះដែរ មេដឹកនាំអាស៊ាន-អូស្រ្តាលីបានអញ្ជើញជាអធិបតីនៃពិធីបិទសន្និសីទ ស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដែលក្នុងនោះ មេដឹកនាំអាស៊ាន-អូស្រ្តាលីបានឯកភាព និងចុះអនុស្សារណៈរវាងអាស៊ាន-អូស្រ្តាលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម។ អនុស្សារណះនេះនឹងនាំមកនូវលទ្ធផលចំពោះសេចក្តីថ្លែងការណ៍រួមសម្រាប់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើភេរវកម្មអន្តរជាតិ ដែលបានឯកភាពគ្នាដោយថ្នាក់ដឹកនាំអាស៊ាន-អូស្រ្តាលី កាលពីខែកញ្ញាឆ្នាំ២០១៦។

មេដឹកនាំទាំងអស់បានចាត់ទុកថា កញ្ចប់គាំទ្រគំនិតផ្តួមផ្តើមដែលបានស្នើទ្បើងនេះ គឺស្របនឹងមូលបទរបស់សន្និសីទអាស៊ាន-អូស្រ្តាលី ស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០១៨ ហើយនឹងគាំទ្រដល់កិច្ចខំប្រឹងប្រែងទ្វេភាគី តំបន់ និងពហុភាគី ដែលមានស្រាប់ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម និងអំពើហិង្សាជ្រុលនិយម។ អូស្រ្តាលីនឹងផ្តល់ជំនួយបច្ចេកទេសដល់ដៃគូអាស៊ាន ដើម្បីតាក់តែង និងអនុវត្តច្បាប់ប្រឆាំងអំពើភេរវកម្ម ដែលស្របជាមួយនឹងស្តង់ដារអន្តរជាតិ និងឧត្តម្មានុវត្ត។ បង្កើតកិច្ចពិភាក្សា និងវេទិកាថ្នាក់តំបន់នានាជាមួយអាស៊ាន និងជាមួយដៃគូអនុវត្តច្បាប់អូស្ត្រាលី ក្នុងគោលបំណងប្រយុទ្ធប្រឆាំង ការគំរាមគំហែងភេរវកម្មពាក់ព័ន្ធ និងក្រុមអាយស៊ីល (ISIL-affiliated terrorists)។

នៅចំពោះមុខមេដឹកនាំអាស៊ាន នាយករដ្ឋមន្រ្តីអូស្រ្តាលី បានធ្វើការគូសបញ្ជាក់ដែរថា អូស្រ្តាលីនឹងផ្តល់កម្មវិធីកសាងសមត្ថភាព ដល់ដៃគូអនុវត្តច្បាប់អាស៊ាន លើបច្ចេកវិទ្យាទប់ទល់ឧក្រិដ្ឋកម្ម ដើម្បីជួយក្នុងការស្រាវជ្រាវ និងកាត់ផ្តាច់សកម្មភាពភេរវកម្ម។ការរៀបចំសិក្ខាសាលាអាស៊ាន-អូស្ត្រាលី ស្តីពីការប្រើប្រាស់ភស្តុតាងអេឡិចត្រូនិចក្នុងភេរវកម្ម និងការស៊ើបអង្កេតឧក្រិដ្ឋកម្មឆ្លងដែន និងការចោទប្រកាន់។ ការរៀបចំសិក្ខាសាលាអាស៊ាន-អូស្រ្តាលី ស្តីពីការប្រយុទ្ធប្រឆាំងភេរវកម្ម និងក្រុមអ្នកប្រយុទ្ធបរទេស ដើម្បីសន្តិសុខតាមព្រំដែន (អន្តោប្រវេសន៍ គយ ការអនុវត្តច្បាប់ និងស៊ើបការណ៍)។ ជាមួយគ្នានេះ អូស្រ្តាលី នឹងផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកវិភាគស៊ើបការណ៍ ផ្នែកហិរញ្ញវត្ថុថ្នាក់តំបន់ចំនួន៤វគ្គ ដល់ប្រទេសសមាជិកអាស៊ាន ដើម្បីជួយសម្រួលដល់ការធ្វើសមាហរណកម្មបន្ថែមទៀត ក្នុងការផ្លាស់ប្តូរការស៊ើបការណ៍ពហុភាគី និងដំណើរការកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការផ្តល់ហិរញ្ញវត្ថុភេរវកម្ម។ បង្កើតកម្មវិធីផ្លាស់ប្តូរអ្នកវិភាគពហុភាគីអាស៊ាន-អូស្រ្តាលី សម្រាប់អ្នកវិភាគស៊ើបការណ៍ ផ្នែកហិរញ្ញវត្ថុ។ ដើម្បីគាំទ្រកិច្ចប្រជុំកំពូលពិសេសនេះ អូស្រ្តាលីនឹងធ្វើជាម្ចាស់ផ្ទះ និងរៀបចំការប្រកួតសរសេរកម្មវិធីកុំព្យូទ័រ ដើម្បីធ្វើឱ្យស៊ីជម្រៅកិច្ចសហការរវាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ ធនាគារ អ្នកអភិវឌ្ឍ និងដៃគូដទៃទៀតក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងការផ្តល់ហិរញ្ញវត្ថុភេរវកម្ម និងពង្រឹងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត។ គាំទ្រការពង្រីកបណ្តាញអាស៊ីអាគ្នេយ៍នៃអង្គការសង្គមស៊ីវិល ដើម្បីប្រឆាំងអំពើហិង្សាជ្រុលនិយម ដោយរៀបចំកិច្ចប្រជុំស្តីពីអង្គការសង្គមស៊ីវិល ដើម្បីឯកភាពលើយុទ្ធសាស្ត្រ និងវិស័យអាទិភាពសម្រាប់ការភ្ជាប់ទំនាក់ទំនង។

នៅក្នុងពិធីនោះដែរ មេដឹកនាំអាស៊ាន-អូស្រ្តាលី បានអញ្ជើញជាកិត្តិយសនៃពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងអាស៊ាន-អូស្រ្តាលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ជាមួយនិង ឯកឧត្តមអគ្គលេខាធិការអាស៊ានប្រកបដោយបរិយាកាសអធិកអធមបំផុត៕


ចែករំលែក៖