ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹបការ៉ាតេ ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM DOJOKAI KARATE CLUB) រៀបចំពិធីប្រឡងខ្សែក្រវាត់កំរិតដាន់ ដល់សិស្សនៅក្នុងក្លឹប

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៨ នៅក្លឹបការ៉ាតេ ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM DOJOKAI KARATE CLUB) មានរៀបចំពិធីប្រឡងខ្សែក្រវាត់កំរិតដាន់ ដល់សិស្សនៅក្នុងក្លឹប ។

ការរៀបចំការប្រឡងខ្សែក្រវាត់កំរិតដាន់នាពេលនេះ ត្រូវបានធ្វើឡើងក្នុងកំរិតអន្តរជាតិ ដោយមានការត្រួតពិនិត្យ វាយតម្លៃយ៉ាងតឹងរឹងពីគណៈមេប្រយោគអន្តរជាតិ និងជាតិ ចំនួន ០៥ រូប ក្នុងនោះ គណៈមេប្រយោគជាជនជាតិជប៉ុន ចំនួន ០៤ រូប ដឹកនាំដោយលោកសាស្ត្រាចារ្យ MORITA និងសាស្ត្រាចារ្យខ្មែរ ០១ រូប កំរិតខ្សែក្រវាត់ខ្មៅ ៦ ដាន់ ។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាស្ថាបនិករបស់ក្លឹប ក៏បានអញ្ជើញពិនិត្យសកម្មភាពនៃការប្រឡងដោយផ្ទាល់ផងដែរ ។

ជាលទ្ធផលនៃការប្រឡង ក្នុងចំណោមសិស្សចំនួន ១៤ នាក់ គឺបានទទួលលទ្ធផលជោគជ័យចំនួន ១៣ នាក់ ក្នុងនោះមាន ៖

– ប្រឡងជាប់ខ្សែក្រវាត់ ៣ ដាន់ ចំនួន ២ នាក់

– ប្រឡងជាប់ខ្សែក្រវាត់ ២ ដាន់ ចំនួន ៥ នាក់

– ប្រឡងជាប់ខ្សែក្រវាត់ ១ ដាន់ ចំនួន ៦ នាក់ ។

ក្រោយការប្រឡងបានបញ្ចប់ លោករដ្ឋមន្ត្រី បានមានមតិសំណេះសំណាលទៅកាន់គណៈមេប្រយោគ ក៏ដូចជាទៅកាន់សិស្សទាំងអស់ ដោយបានថ្លែងអំណរគុណដល់សាស្ត្រាចារ្យខ្មែរ និងជប៉ុន ទាំង ០៥ រូប ដែលបានរៀបចំពិធីប្រឡងខ្សែក្រវាត់កំរិតដាន់នេះ ។

លោកបានបញ្ជាក់បន្ថែមថា ការបង្កើតឡើងនូវក្លឹបនេះ គឺក្នុងគោលបំណងឱ្យមន្ត្រីរាជការរបស់ក្រសួង បានហាត់ប្រាណដើម្បីសុខភាព និងសម្រាប់អ្នកដែលមានកាយសម្បទានល្អ មានឆន្ទៈមុតមាំ ដើម្បីជំរុញ និងប្រែក្លាយពួកគេឱ្យទៅជាកំរិតអាជីព ចូលប្រកួតនៅថ្នាក់ជាតិ និងអន្តរជាតិ ស្វែងរកមេដាយជូនប្រទេសជាតិ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ Sea Game ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕


ចែករំលែក៖