ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចរាចរណ៍ខណ្ឌដង្កោ បណ្ដោយឲ្យរថយន្តកាមរីឆ្លាមដែលបុករង្វង់មូលគួរស្រូវរងការខូចខាត រួចខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកាមរីឆ្លាមមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ រួមជាមួយក្រុមគ្រួសារ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ឡើងមកភ្នំពេញ តែមិនប្រយ័ត្នខណៈមកដល់ចំណុចរង្វង់មូលគួរស្រូវ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ​ ក៏បានជ្រុលចង្កូតទៅបុកឃឿនឡើងលើរង្វង់មូលតែម្ដង បណ្ដាលឲ្យរងការខូចខាតទាំងរង្វង់មូល និងរថយន្តបង្ក​ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យ ដឹងថា នៅពេលកើតហេតុ រថយន្តបង្កម៉ាក កាមរីឆ្លាម ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2M-5120 បានធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់រង្វង់មូលមិនបានប្រយ័ត្ន ស្របរង្វង់មូលគ្នាភ្លើងបំភ្លឺ និងគ្មានស្លាកសញ្ញាផងនោះ ក៏បានបុកឃឿនឡើងលើរង្វង់មូលតែម្ដង បណ្ដាលឲ្យរង្វង់មូល និងរថយន្តបង្ករងការខូចខាត តែមិនបង្កឲ្យអ្នកធ្វើដំណើរក្នុងរថយន្តរងរបួសនោះឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប្រចាំការ២៤ម៉ោងនៅក្បែរកន្លែងកើតហេតុ បានរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍ខណ្ឌឲ្យចុះមកពិនិត្យដល់កន្លែងកើតហេតុ តែពេលសមត្ថកិច្ចជំនាញចរាចរណ៍ប្រចាំខណ្ឌដង្កោ ចុះមកដល់ គេសង្កេតឃើញនិយាយជាមួយម្ចាស់រថយន្ត តែមិនដឹងនិយាយអ្វីនោះទេ មួយសន្ទុះក្រោយក៏បើករថយន្តសារ៉ែនចេញទៅបាត់ ដោយទុកឲ្យម្ចាស់រថយន្តបង្ក ហៅរថយន្តស្ទួច មកស្ទួចរថយន្តរបស់ខ្លួនយកទៅជួសជុលដោយខ្លួនឯង ។

សូមរំលឹកផងដែរថា នៅរង្វង់មូលគួរស្រូវ ព្រុំប្រទល់ជាប់ជាមួយផ្លូវជាតិលេខ២ ផ្លូវលេខ២១៧ និងផ្លូវលេខ២០A ដែលស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រៀងរាល់យប់ ប្រជាពលរដ្ឋបានធ្វើដំណើរនៅទីនោះ ពិបាកធ្វើដំណើរណាស់​​ ព្រោះរង្វង់មូលគ្មានភ្លើងបំភ្លឺផ្លូវ គ្មានស្លាកសញ្ញាចរាចរណ៍ ហើយដីលើផ្លូវក៏ហុយទៀត ទើបបណ្ដាលឲ្យនៅទីតាំងខាង ឧស្សាហ៍ជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់បែបនេះ​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖