ភ្នំពេញ៖ តារាកំប្លែងជើងចាស់ លោក ធូ ចំរ៉ុង ហៅនាយ សានម៉ៅ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់ចាប់តាំងពីថ្ងៃទី១៥ ខែមីនា មកម្ល៉េះ ក្រោយពីជំងឺលើសឈាម ឈាមសស៊ីឈាមក្រហម និងជំងឺលើសជាតិស្ករក៏រួមរឹត ។
ពេលនេះលោក សាន់ ម៉ៅ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីសភាពឈាមសស៊ីឈាមក្រហម របស់លោក និងសភាពចុះសម្ពាធឈាមធ្ងន់ធ្ងរ ធ្វើឲ្យលោកពិបាកទ្រាំ ដោយពិបាកសូម្បីតែដង្ហើម ។ លោក អ៊ឹម ជីវ៉ា ដែលទៅសួរសុខទុក្ខនាយ សានម៉ៅ បានអះអាងថា ទើបតែបានធូរបន្តិច ក្រោយសង្គ្រោះការបន្ទាន់ប៉ុណ្ណោះ ខណ:ដែលសភាពធ្វើទុក្ខរបស់លោក ក៏ប្រែប្រួលមិនទៀងទាត់ ។ ទោះជាយ៉ាងណានេះ មិនមែនជាលើកទី១ នោះទេ ប៉ុន្តែលើកនេះ មានសភាពធ្ងន់ធ្ងរជាងមុន ដោយសារតែវ័យរបស់លោកចាស់ផង ហើយជំងឺក្នុងខ្លួនច្រើនមុខដែលរួមមានលើសឈាម និងលើសជាតិស្ករក៏រួមរឹតផង។ សិល្បករជិតដិតជាច្រើនបានទៅសួរសុខទុក្ខផ្ទាល់ដូចជាតារាកំប្លែងនាយក្រឹម នាយកុយ និងមិត្តភក្តិក្នុងសិល្ប:មួយចំនួនតែសភាពជំងឺជាក់ស្ដែង នៅមិនទាន់ដឹងថា នឹងជួយឲ្យលោកមានសភាពដូចដើម ហើយបានត្រឡប់មកសម្ដែងជាថ្មីឆាប់ៗនោះទេ ព្រោះតែស្ថាននៅភាពជំងឺស្ថិតក្នុងសភាពតាមដាននៅឡើយ ។
បើយោងតាមការប្រកាសពីសមាគមសិល្បករខ្មែរដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានបានបញ្ជាក់ថា សិល្បករទាំងអស់ព្រួយបារម្ភបំផុត ព្រោះនាយ សាន ម៉ៅជាសិល្បករល្បីល្បាញឈរជើងបម្រើសិល្បៈយូរឆ្នាំមកហើយ និងមានជំនាញសមត្ថភាពដ៏កម្ររក ដោយសារលោកចេះទាំងកំប្លែង និងជាអ្នកសម្តែងល្ខោនបាសាក់មានភាពស្ទាត់ជំនាញ ។ សមាគមសិល្បករខ្មែរ បានផ្តល់ថវិកាមកឧបត្ថម្ភដល់នាយ សាន ម៉ៅ នូវថវិកាចំនួន2លានរៀលផងដែរ ៕ វឌ្ឍនា