ព័ត៌មានទាន់ហេតុការណ៍៖

សត្វស្លាបដ៏ធំមួយបុកបែកកញ្ចក់ឧទ្ធម្ភាគចក្រ បង្ខំឲ្យ Pilot ចុះចតបន្ទាន់នៅកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ អ្នកបើកបរឧទ្ធម្ភាគចក្របានសម្រេចចិត្តចុះចតពាក់កណ្តាលផ្លូវ ខណៈដែលកំពុងហោះហើរនៅលើអាកាស ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ក្រោយពីធ្វើការរបស់គាត់ ត្រូវបានសត្វស្លាបដ៏ធំបុកបណ្តាលឲ្យបែកកញ្ចក់ផ្នែកខាងមុខ ។

ហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាពីរសៀលថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅលើវាលចំការមួយក្នុងភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ព្រះគគី បានឲ្យដឹងថា ឧទ្ធម្ភាគចក្រនេះ ពណ៌ក្រហម ដែលមានលេខសម្គាល់ KU.288 នៅក្នុងឧទ្ធម្ភាគចក្រនេះ មានមនុស្សជិះចំនួន៣នាក់, ២នាក់ជាជនបរទេស និងម្នាក់ទៀតជាស្រ្តីខ្មែរ ។ ឧទ្ធម្ភាគចក្រនេះ ចេញពីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប ។

ស្ត្រីជាជនជាតិខ្មែរដែលស្ថិតនៅលើឧទ្ធម្ភាគចក្រនេះ ប្រាប់ឲ្យដឹងថា មូលហេតុ ដែលអ្នកបើកយន្តហោះ (Pilot) បានសម្រេចចុះចតពាក់កណ្តាលផ្លូវបែបនេះ ដោយសារតែនៅពេលកំពុងបើកបរ មានសត្វស្លាបមួយយ៉ាងធំ បានហើរមកបុកនឹងឧទ្ធម្ភាគចក្រ ពេលនោះបានធ្វើឲ្យកញ្ចក់មុខរបស់ឧទ្ធម្ភាគចក្រ បែកអស់មួយចំហៀង មិនអាចទៅមុខរួច ។

ប្រភពបន្តថា ពេលនោះដើម្បីបញ្ចៀសគ្រោះថ្នាក់ អ្នកបើកឧទ្ធម្ភាគចក្រ បានសម្រេចចិត្តចុះចតនៅលើដីកោះមួយ ក្បែរស្រូវប្រាំង ធ្វើឲ្យមុស្សម្នាទីនោះ ផ្អើលចោមរោមមើល នឹកស្មានថា មានយន្តហោះធ្លាក់ ។ រឿងនេះ ពិតជាសំណាងណាស់ ដែលឧទ្ធម្ភាគចក្រមិនធ្លាក់ចុះ មានគ្រោះថ្នាក់ បែរជាចុះចតយ៉ាងស្រួល ដែលពេលនេះ ( ពីឡុត )អ្នកបើកបឧទ្ធម្ភចក្របានយកក្រដាសបិតធ្វើជាកញ្ចក់ជំនួស និងកំពុងទាក់ទងក្រុមការងាររបស់គេ ដើម្បីយកឧទ្ធម្ភាគចក្រនោះទៅកាន់ទីក្រុងភ្នំពេញដើម្បីជួលជុលវិញ ៕ ចន្ថា


ចែករំលែក៖