ភ្នំពេញ ៖ ស្ត្រីម្នាក់បានធ្វើដំណើរតាំងពីខេត្តកំពង់ឆ្នាំង ដើម្បីស្កាត់ជួបនិយាយសម្របសម្រួលគ្នាជាមួយប្តីគឺលោក ម៉ាលី ពិសិដ្ឋ ចៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ដោយគាត់បាននិយាយថា លោកចៅសង្កាត់ខាងលើគឺជាប្ដីរបស់គាត់រស់នៅជាមួយគ្នាជាង១០ឆ្នាំមកហើយ ។
តាំងពីពេលដែលប្ដីមានបុណ្យសក្ដិតូចតាចឥឡូវលោកប្ដីបានឡើងជាចៅសង្កាត់ស្រាប់តែភ្លេចរូបគាត់ និងកូនៗ៣នាក់ ដោយបានដាក់ពាក្យប្ដឹងលែងលះរូបគាត់ទាំងគ្មានកំហុស ។ ប៉ុន្តែពេលដែលគាត់ទៅដល់សាលាសង្កាត់លោកប្ដីបានបិទទ្វារនៅក្នុងបន្ទប់ខ្ទាស់គន្លឹះពីខាងក្នុង និងឲ្យកូនចៅចាក់សោទ្វារពីខាងក្រៅជាប់មិនព្រមចេញមកជួបគាត់ឡើយ ហើយមូលហេតុដែលសុំលែងនោះគាត់សង្ស័យប្ដីមានស្រីថ្មី និងជាអ្នកធ្វើការជាមួយគ្នាទៀតផង ។
ស្រ្តីខាងលើបានធ្វើដំណើរទៅរកប្ដីកាលពីវេលាព្រឹក ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ដល់កន្លែងដែលប្ដីនៅក្នុងសាលាសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ស្រ្តីខាងលើបាននិយាយថា ប្ដីរបស់គាត់ឈ្មោះ ម៉ាលី ពិសិដ្ឋ អាយុ៣៩ឆ្នាំ មុខរបរជា ចៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែករូបគាត់ជាប្រពន្ធឈ្មោះ អ៊ល ពិសី អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងចិកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានកូន៣នាក់ក្នុងនោះកូនស្រីបងឈ្មោះ ពិសិដ្ឋ សុខិតា អាយុ១៧ឆ្នាំ កូនស្រីទី២ឈ្មោះ ពិសិដ្ឋ ថាភរិយា អាយុ១០ឆ្នាំ និងកូនប្រុសពៅឈ្មោះ ពិសិដ្ឋ លីវណ្ណលាភ អាយុ៥ឆ្នាំ ។
ប្រភពដដែលបានបន្តទៀតថា គាត់ និងលោកម៉ាលី ពិសិដ្ឋ បានយកគ្នាជាប្តីប្រពន្ធដោយមិនបានរៀបការអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ ប៉ុន្តែបានចុះអេតាស៊ីវិលជាមួយគ្នា ដែលបញ្ជាក់ថាជាប្ដីប្រពន្ធស្របច្បាប់ ។ មិនតែប៉ុណ្ណោះកាលមុនពេលជួបគ្នាគាត់ជាស្រីមេម៉ាយមានកូនស្រីម្នាក់ចំណែកលោកប្ដីក៏ជាបុរសពោះម៉ាយមានកូនម្នាក់ដែរ ។ លុះពេលបានគ្នាជាប្ដីប្រពន្ធលោកប្ដីបានឲ្យគាត់លុបនាមត្រកូលប្ដីមុនរបស់កូនស្រីចោល និងយកឈ្មោះរបស់ខ្លួនដាក់ជំនួសវិញ ។ បន្ទាប់មកបានឲ្យគាត់សេងអីវាន់ចាប់ហួយយកលុយ និងខ្ចីលុយធនាគារ៥ពាន់ដុល្លារ ព្រមទាំងលក់គ្រឿងអលង្ការមាស២តម្លឹងប្រមូលយកលុយមករកការងារធ្វើនៅភ្នំពេញ និងបានស្នាក់នៅផ្ទះជួល ។
ស្រ្តីជាប្រពន្ធបានបន្តទៀតថា ពេលនោះលោកប្ដីបានការងារជាចៅសង្កាត់រងទី២សង្កាត់កាកាបហើយបានស្នាក់នៅជាមួយគ្នាគ្មានបញ្ហាអ្វីឡើយ ។ លុះក្រោយមកបន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិប្ដីគាត់បានក្លាយជាចៅសង្កាត់កាកាបទី២ប៉ុន្តែមិនបានប្រាប់ឲ្យគាត់ដឹងថាជាប់ជាចៅសង្កាត់ឡើយគឺលាក់លៀមរហូត ។ លុះដល់ខែធ្នូ ឆ្នាំ២០១៧ ស្រាប់តែលោកប្ដីដាក់ពាក្យទៅតុលាការសុំលែងលះគ្នាជាមួយគាត់ដោយគ្មានមូលហេតុ និងបានព្យាយាមគេចវេសពីគាត់រហូតតែម្ដង ។
បន្ទាប់ពីប្ដីធ្វើបែបនេះគាត់ពិបាកចិត្តណាស់ហើយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ គាត់បានតាមរកប្ដីប៉ុន្តែប្ដីគេចមិនជួបទេ ។ លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ តុលាការបានកោះហៅទៅសាកសួរ ។ ពេលនោះប្ដីដាច់ខាតត្រូវតែលែងគាត់ចោល ប៉ុន្តែគាត់វិញមិនបានលែងទេរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ តុលាការបានកោះហៅម្ដងទៀត តែគាត់អត់បានទៅទេព្រោះអត់ស្រួលខ្លួន ហើយប្ដីបានគេចរហូតមកដល់ព្រឹកថ្ងៃទី១៩ មីនានេះទើបគាត់សម្រេចចិត្តតាមរកដល់សាលាសង្កាត់តែម្ដង ប៉ុន្តែលោកចៅសង្កាត់មិនចេញពីបន្ទប់មកជួបឡើយ ។ ដូច្នេះអ្នកស្រីសុំឲ្យលោកអភិបាលខណ្ឌ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ដល់គាត់ផង៕ សុខាសែនជ័យ