ភ្នំពេញ៖ សិស្សានុសិស្ស ពីសាលាបឋមសិក្សាឈូកស្ថិត នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ និងសាលាបឋមសិក្សាវត្តព្រះហ៊ូត ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប កាលពីសប្ដាហ៍កន្លងទៅ ត្រូវបានអញ្ជើញឲ្យទៅធ្វើទស្សនៈកិច្ចសិក្សានៅ
តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប ដើម្បីទស្សនាសត្វខ្សឹប ដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុត នៅលើសាកលលោក និងស្វែងយល់អំពី ទីជម្រកធម្មជាតិរបស់ពួកវា នៅក្នុងតំបន់អភិរក្សនេះ។
នេះបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុក របស់អង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា(WCS) ដែលបានផ្ដួចផ្ដើមឲ្យមានដំណើរទស្សនកិច្ចសិក្សានេះ។សត្វខ្សឹប ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុត ខណៈចំនួនរបស់វានៅលើសាកលលោកមានតិចជាង ៨០០ក្បាល។ កម្ពុជា គឺជាប្រទេសដ៏សំខាន់ បំផុតនៅលើសាកលលោក ដើម្បីអភិរក្សសត្វខ្សឹបនេះ កុំឲ្យបាត់បង់ ខណៈចំនួនរបស់សត្វខ្សឹប នៅក្នុងប្រទេសកម្ពុជាមានប្រមាណ៤៣២ក្បាល។
ទីជម្រកវាលស្មៅ នៃតំបន់ទំនាបទន្លេសាប ក្នុងខេត្តកំពង់ធំ និងសៀមរាប គាំទ្រដល់ការរស់នៅរបស់សត្វខ្សឹបច្រើនជាងគេបង្អស់ នៅលើសាកលលោក និងមានសារៈសំខាន់បំផុតសម្រាប់ការរស់រានមានជីវិតរបស់ពួកវា។ តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ត្រូវបានបង្កើតឡើងក្នុង នៅឆ្នាំ២០១៦ និងគ្របដណ្តប់លើផ្ទៃដី៣១.១៥៩ហិកតា នៅក្នុងខេត្តកំពង់ធំ និងសៀមរាប។
អង្គការWCS កំពុង ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ដើម្បី អភិរក្សតំបន់ការពារទេសភាពទំនាបខាងជើង ទន្លេសាប និងសត្វស្លាបសំខាន់ៗ ដូចជា៖ សត្វខ្សឹបជាដើមតាមរយៈ សកម្មភាពជាច្រើន ដូចជា ការអនុវត្តន៍ច្បាប់ ការការពារសំបុកសត្វខ្សឹបគម្រោងនិរន្តរភាពស្រូវ និងការលើកកម្ពស់ការ យល់ដឹងដល់ប្រជាសហគមន៍ជាដើម។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ក្រសួងបរិស្ថាន នៃប្រទេសកម្ពុជា បានរៀបចំពិពណ៌សត្វស្លាបអន្តរជាតិលើកទី១ ក្រោមប្រធានបទ“ សក្តានុពលទេសចរណ៍ធម្មជាតិ និងសត្វស្លាបនៅកម្ពុជា” ប្រយោជន៍ដើម្បីទាក់ទាញក្ដីស្រលាញ់ និងគាំពារដល់ជីវិតសត្វស្លាប៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក