ភ្នំពេញ៖ បុរសម្នាក់បានធ្វើអត្ដឃាតចងកសម្លាប់ខ្លួនឯង ព្រោះតែខឹងសុំលុយម្ដាយពុំបាន ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាខ្លាំង កាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូល ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៣២៨ ផ្លូវ២៧១ ក្រុមទី៣ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ណេង សាមឿន នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី២ បានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ម៉ម សុខសំណាង ភេទប្រុសអាយុ៣២ ឆ្នាំមុខរបរ សន្ដិសុខ ស្នាក់នៅចំណុចកើតហេតុខាងលើ និងមានប្រពន្ធ ព្រមទាំងកូនប្រុស២នាក់ផងដែរ ។
លោកបានបន្ដទៀតថា មុនពេលកើតហេតុកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានសុំលុយម្ដាយបង្កើតចំនួន១០ ដុល្លារ រួចក៏ចេញទៅបាត់ រហូតដល់ម៉ោង១៩ និង០០នាទី បានមកផ្ទះម្ដាយបង្កើតម្ដងទៀត ដើម្បីសុំលុយតែម្ដាយពុំបានឲ្យទេ ជនរងគ្រោះក៏មានការខឹងស្រម្បាបានតេទូរសព្ទហៅប្រពន្ធឲ្យមកផ្ទះម្ដាយ ពេលប្រពន្ធមកដល់ ម្ដាយក្មេកបាននិយាយប្រាប់ថា កាលពីព្រឹកម្ដាយបានឲ្យលុយ១០ដុល្លារម្ដងហើយ តែជនរងគ្រោះមកម្ដងទៀតម្ដាយមិនបានឲ្យទេ ក៏មានការខឹងបានដើរចេញទៅបាត់ រហូតដល់ម៉ោងកើតហេតុមានសន្ដិសុខម្នាក់បានតេមកប្រាប់បងថ្លៃថា ជនរងគ្រោះ ចងកស្លាប់បាត់ហើយ ។
ក្រោយមកក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើកំណត់ហេតុ និងទាក់ទងសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យមកពិនិត្យបានឲ្យដឹងថា សពជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ