ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធផឹកស្រាហាមមិនស្ដាប់ វាយទៅលើប្រពន្ធខ្លួនឯងបណ្ដាលឲ្យបែកក្បាលរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ ស្រ្ដីម្នាក់ត្រូវបានបុរសជាប្ដីយកវត្ថុរឹងមកវាយចំក្បាល បណ្ដាលឲ្យស្រ្ដីជាប្រពន្ធទទួលរងរបួសធ្ងន់បែកក្បាល ដោយសារតែខឹងនឹងប្រពន្ធខ្លួនឯងផឹកស្រាខ្លាំងពេក ។ ករណីហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២១និង១៥នាទី ស្ថិតក្នុងភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ស្រ្ដីរងគ្រោះរងរបួសធ្ងន់ឈ្មោះ បឹង គួយ ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (របួសត្រង់ចង្កានិងក្បាលធ្ងន់) រីឯជនសង្ស័យឈ្មោះ សួន តុងម៉េង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា កន្លងមកស្រ្ដីរងគ្រោះជាប្រពន្ធគឺជាមនុស្សតែងផឹកស្រាជាប្រចាំ រីឯជនសង្ស័យជាប្ដីវិញតែងហាមប្រពន្ធរបស់ខ្លួន(ជនរងគ្រោះ)ឲ្យឈប់ផឹកស្រា តែស្រ្ដីសង្ស័យនៅតែបន្ដផឹកដោយពុំស្ដាប់ប្ដីរបស់ខ្លូននោះទេ ។ លុះមកដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២១និង១៥នាទី ស្រ្ដីរងគ្រោះបានផឹកស្រាបន្ដទៀត ឃើញដូច្នោះជនសង្ស័យជាប្ដីមានចិត្ដខឹងសម្បារយ៉ាងខ្លាំង ក៏ស្ទុះទៅយកវត្ថុរឹងមកវាយទៅលើស្រ្ដីរងគ្រោះជាប្រពន្ធ បណ្ដាលឲ្យបែកក្បាលហូរឈាមទទួលរងរបួសធ្ងន់ ។ ចំណែកជនសង្ស័យជាប្ដី ក៏បានរត់គេចខ្លួនក្រោយពីធ្វើសកម្មភាពវាយប្រពន្ធរួច ។

ក្រោយពីមានហេតុការណ៍កើតឡើង ស្រ្ដីរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ ។ ចំពោះជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងស្វែងរកចាប់ខ្លួនដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖