ភ្នំពេញ: បុរសម្នាក់រងរបួសក្បាលធ្ងន់ ខណៈ ជិះម៉ូតូជ្រុលទៅបុកនឹងម៉ូតូកង់បីពេញទំហឹង ត្រូវបានម៉ូតូកង់បីដឹកទៅមន្ទីរពេទ្យផងដែរ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃ ពុធ ៥ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៨ នៅចំណុច បណ្តោយផ្លូវលេខ៥៧ កែង៣២២ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ តឹក ពន្លឺ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកលតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក ហុងដា c125 មួយគ្រឿង ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1A-6038 បានជិះក្នុងទិសដៅពីជើងទៅត្បូង ហើយជ្រុលទៅបុកម៉ូតូកង់បីមួយគ្រឿង ពណ៌លឿង អត់ពាក់ស្លាកលេខ បើកបរដោយបុរសម្នាក់ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣២២ ក្នុងទិសដៅពីលិចទៅកើត បណ្តាលឲ្យបុរសដែលជាម្ចាស់ម៉ូតូ ដួលរងរបួសក្បាលធ្ងន់ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋហៅរ៉ឺម៉កកង់បីដឹកទៅទៅមន្ទីរពេទ្យភ្លាមៗផងដែរ ៕ ស រស្មី