ព័ត៌មានទាន់ហេតុការណ៍៖

សិស្ស-និស្សិតជាង ៣០០០នាក់ ចូលរួមបោះជំរំអន្តរជាតិនៅកម្ពុជា លើកទី៨

ចែករំលែក៖

ភ្នំពេញ៖ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំបោះជំរំអន្តរជាតិ (World Camp) នៅកម្ពុជា ដោយមានសិស្ស-និស្សិត ចូលរួម ចំនួនជាង ៣០០០នាក់ ក្នុងនោះសិស្ស-និស្សិតប៊ែលធី ចំនួនជាង ១៣០០នាក់ចូលរួមផងដែរ។ ការបោះជំរំនេះ ក្រោមអធិបតីភាព លោក ស៊ាន បូរ៉ាតរដ្ឋលេខាធិការ និងជា តំណាងលោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ “ការអប់រំចិត្តយុវជនឲ្យមានភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និង គុណធម៌” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០១៨ នៅសាលមហោស្រពកោះពេជ្រ។កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង អប់រំចិត្តយុវជនឲ្យប្រព្រឹត្តតែអំពើល្អ និងក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគត ប្រកបដោយសីលធម៌ និង គុណធម៌។ការបោះជំរំនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនល្បីៗ រួមមាន លោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ លោក ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក លី ឆេង សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងវាគ្មិនល្បីៗជាច្រើននាក់ទៀត។

ក្នុងឱកាសនោះដែរ លោក លី ឆេង បានលើកឡើងថា ការបោះជំរំនេះ ក្នុងគោលបំណង ៤គឺ៖ ១-ការអប់រំចិត្ត ដែលជួយដល់យុវជនទាំង អស់ឲ្យស្គាល់ខ្លួនឯង ហើយចេះស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ និង ចេះស្រឡាញ់ ជាតិ មាតុភូមិរបស់ខ្លួន។ ផ្តើមពីនោះក្នុងនាមខ្មែរដូចគ្នា គប្បីរួមគ្នាលើកស្ទួយវប្បធម៌ ប្រពៃណី និងលើកស្ទួយកិត្តិយសជាតិខ្លួនឯង។ ទន្ទឹមនោះត្រូវចេះគោរពច្បាប់រដ្ឋ ច្បាប់ធម្មជាតិ គោរពសាសនា រួមទាំងគោរពគោលការណ៍ផ្សេងៗទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។២-គឺត្រូវចេះរស់នៅ និងធ្វើការជាក្រុម ដើម្បីដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ។ ៣-ត្រូវរៀនធ្វើជាថ្នាក់ដឹកនាំ មុនពេលក្លាយខ្លួនជាថ្នាក់ដឹកនាំ ព្រោះនេះជាកត្តាសំខាន់បំផុត ខណដែលយើងត្រូវហាត់ពត់លត់ដំខ្លួនឲ្យហើយក្នុងពេលកំពុងសិក្សា ។ ៤-គឺទាំងអស់គ្នាត្រូវត្រៀមខ្លួន ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ជាតិ ព្រោះថា បើទំពាំងមិនល្អនោះ ពេលទៅបន្តវេនក៏វាមិនអាចល្អបាននោះឡើយ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត បាក់ អុកស៊ូ គ្រូជំនាញផ្នែកអប់រំចិត្តបានមានប្រសាសន៍ថា ការអប់រំស្មារតី និង ចិត្តគំនិត ពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនកម្ពុជា ដើម្បីយល់ពីអត្ថន័យពិតនៃជីវិត ចេះផ្លាស់ប្តូរផ្នត់គំនិត រៀនទទួលយកនូវគំនិតរបស់អ្នកដទៃ និង​ បើកចិត្តឲ្យទូលាយក្នុងការទំនាក់ទំនង ដើម្បីរស់នៅចុះសម្រុងក្នុងសង្គម។

ក្នុងពិធីបើក លោក ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរ និង ថ្លែងអំណរគុណ ចំពោះលោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ មកពីប្រទេសកូរ៉េ និង លោក លី ឆេង សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង។

ក្នុងឱកាសនោះដែរ លោក ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា ការពង្រឹងគុណភាពអប់រំ គឺជាគ្រឹះដ៏រឹងមាំ សម្រាប់ឲ្យយុវជន របស់យើងមានចំណេះដឹងពិតប្រាកដ មានសិលធម៌ល្អ មានគុណធម៌ និងគតិបណ្ឌិត អាចចេះពិចារណា រកហេតុនឹងផល ឲ្យឃើញ នេះជាចំណុចដ៏សំខាន់ណាស់។ហើយខ្ញុំគិតថាវាគ្មិនដល់សំខាន់ៗ ជាតិ-អន្ដរជាតិ នឹងមកបង្ហាញអំពីរបៀបនៃប្រធានបទ ហើយពិតជាបានផ្ដល់ឱកាសដល់ពិតប្រាកដ សម្រាប់ប្អួនៗនិងក្មួយៗ ក្លាយទៅជាជន ដែលមានចំណេះដឹងតាមរយៈការសិក្សានេះ ពីវាគ្មិនជាតិ-អន្ដរជាតិ របស់យើង ។

លោក ស៊ាន បូរ៉ាត បានបន្តថា ប្រសិនបើយុវជនខ្វះសិលធម៌ ដើរខុសទិស ហើយទៅរកគោលដៅដែលគេអត់ចង់បាន សង្គមមិនទទួលស្គាល នេះហើយជាបរិបទរបស់សង្គម ដែលយើងកំពុងធ្វើកិច្ចការងារនេះ ដើម្បីអប់រំយុវជន ។ យុវជនគឺជាក្រដាស ដ៏ ស ស្អាត ប្រសិនបើយើងអុសទាញគេទៅរកផ្លូវល្អ ពួកគេនឹងក្លាយទៅជាជន ដែលមានភាពប្រសព្វ មានភាពទៅឆ្លាត ហើយអាចបណ្ដុះចិត្តគិនិត តាមរយៈការផ្ដល់ នៅចំណេះដឹង ដ៏ពួកគេគ្រប់ៗគ្នា។

លោក បានបន្តថា ដើម្បីឲ្យប្អូនៗក្មួយៗក្លាយទៅជាជន ដែលមានសក្ដានុពល ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីបន្ដវានក្នុងការដឹកនាំប្រទេសជាតិទៅថ្ងៃអនាគត គោលការណ៍ដល់សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ចាប់ពីមត្តេយ្យសិក្សា រហូតដល់ឧត្តមសិក្សា ។

លោក ស៊ាន បូរ៉ាត ក៏បានប្រកាសបើកការបោះជំរំអន្តរជាតិ (World Camp) លើកទី៨ ឆ្នាំ២០១៨ ៕ ស រស្មី


ចែករំលែក៖