ខេត្តបាត់ដំបង៖ យុវជនម្នាក់ ត្រូវបានកម្លាំងអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនក្នុងករណីហឹង្សាដោយចេតនា ដោយប្រើប្រាស់កាំបិត ដំបង និងដុំថ្ម កាប់វាយទៅលើជនរងគ្រោះម្នាក់ទៀត បណ្តាលឲ្យរងរបួសធ្ងន់។
លោកវរសេនីយ៍ត្រី ឈឿង គឹមសុង មេក្រុមបង្ការបង្ក្រាបបានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ កាលពីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ លោកបានដឹកនាំកម្លាំងទៅចំណុចភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៣ ត.ព្រ/១៨ របស់ចៅក្រមស៊ើបសួរ លិ សុខា នៃសាលាដំបូងខេត្តបាត់ដំបង បានឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះ ធុល សីហា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។
លោកបន្តថា ក្រោយធ្វើការឃាត់ខ្លួនយុវជនខាងលើ សមត្ថកិច្ចជំនាញដកហូតបានគ្រាប់បែកច្នៃចំនួន១គ្រាប់ ដែលជនសង្ស័យទុកសម្រាប់ប្រើប្រាស់បង្ករបួសស្នាមលើអ្នកដទៃ។
គួរបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូ ជាមួយបក្សពួកយកកាំបិតដេញកាប់ជនរងគ្រោះឈ្មោះ ខៃ សំណាង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បណ្ដាលឲ្យរបួសត្រូវចំក្បាល ប្រអប់ដៃ និងខ្នងជាច្រើនកាំបិត ហើយថែមទាំងយកដំបង ដុំថ្ម មកវាយគប់លើជនរងគ្រោះ និងម៉ូតូធ្វើឲ្យខូចខាតផងដែរ។ បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក