ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១១ ពីអ្នកលឿង ទៅកាន់ ខេត្តត្បូងឃ្មុំប្រវែងជាង ៩៦គីឡូម៉ែត្រ

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវ វាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដែលមានតម្លៃជាង ៩៤លានដុល្លារ។

គម្រោងសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងនេះចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិ លេខ១ ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងនោះប្រវែងផ្លូវជិត ៦៩គីឡូម៉ែត្រ ស្ថិតក្នុងទឹកដីនៃខេត្តព្រៃវែង និងប្រវែងជាង ២២គីឡូម៉ែត្រ ស្ថិតនៅក្នុងទឹកដី នៃខេត្តត្បូងឃ្មុំ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញចូលរួម សាជាថ្មីម្តងទៀតជាមួយឯកឧត្តម ស្យង់ ព័រ (Xiong Bo) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១១នេះ ។ តាមរយៈផ្លូវនេះនឹងបានរួមចំណែកយ៉ាងសំខាន់ជួយដល់ប្រជាពលរដ្ឋទាំងខេត្តព្រៃវែង ត្បូងឃ្មុំ និងបណ្តាខេត្តផ្សេងទៀតដែលត្រូវធ្វើដំណើឆ្លងកាត់។ មុននឹងមានការសាងសងផ្លូវនេះ យើងក៏បានធ្វើការជួសជុលជាបន្តបន្ទាប់ផងដែរ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលចិនដែលជានិច្ចកាលតែងតែជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។ ប្រទេសចិនមិនត្រឹមតែអភិវឌ្ឍន៍ខ្លួនឯងឲ្យបានរីកចម្រើនប៉ុណ្ណោះទេតែចិនក៏បានចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជិតខាងមួយចំនួនផងដែរ ជាក់ស្តែងដូចប្រទេសកម្ពុជាយើង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានមោទនភាពជាខ្លាំងចំពោះទំនាក់ទងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយមិត្តចិន ដែលអាចចាត់ទុកថាជាការដើរបន្តតាមព្រះរាជសកម្មភាពព្រះបរមរតនកោដិ សម្តេចព្រះ នរោត្តម សីហនុ ដែលកន្លងមកព្រះអង្គបានផ្សាភ្ជាប់ និងមានទំនាក់ទំនងល្អយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំប្រទេសចិន។ តាមរយៈទំនាក់ទំនងទាំងអស់នេះគឺបានផ្តល់នូវផលប្រយោជន៍រវាងប្រទេសទាំងពីរឲ្យគ្នាទៅវិញទៅមក។

រហូតមកដល់ពេលនេះ ប្រទេសចិនបានផ្តល់ជំនួយក្នុងការសាងសងស្ពានដល់កម្ពុជាចំនួន ៧ រួចមកហើយ ដែលចំណាយអស់ទឹកប្រមាណជាង ២១៦ លានដុល្លារអាមេរិក និងកំពុងសាងសងស្ពានមួយទៀត ដែលត្រូវឆ្លងពីស្រុងស្ទឹងត្រង់ ទៅស្រុកក្រូចឆ្មា ដែលបានបើកការដ្ឋានសាងសង់កាលពីខែមុន។ ពេលដែលផ្លូវជាតិលេខ១១នេះត្រូវបានសាងសងរួចរាល់ហើយនោះគឺនឹងបានបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋមិនត្រឹមតែអ្នកដែលរស់នៅក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំប៉ុណ្ណោះនោះទេ តែផ្លូវជាតិនេះ ក៏បានផ្សាភ្ជាប់ទៅផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៨ និងភ្ជាប់ទៅកាន់ស្ពានដែលកំពុងសាងសងក្នុងខេត្តកំពង់ចាម គឺពីស្រុកស្ទឹងត្រង់ ទៅស្រុកក្រូចឆ្មា ផងដែរ ដែលនឹងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរជាងមុន។

សម្តេតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះលោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលកន្លងមកតែងតែគាំទ្រចំពោះការដឹកនាំប្រទេសរបស់សម្តេចដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការីកចម្រើនលូតលាស់ចាប់ពីដំណាក់កាលសង្គ្រោះជាតិរហូតដល់ការកសាងអភិវឌ្ឍនជាតិដូចពេលនេះ។ ដូចច្នេះដើម្បីចូលរួមថែរក្សានូវសមិទ្ធផលដែលបានកើតឡើងទាំងអស់នេះ សម្តេចតេជោ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នា រក្សាសន្តិភាពឲ្យបានគង់វង្ស ព្រោះបើគ្មានសន្តិភាពទេ គឺមិនមានការអភិវឌ្ឍឡើយ។ ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ និងរដ្ឋាភិបាលចិនដែលបាន ចូលរួមចំណែកក្នុងការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។

មុននឹងអញ្ជើញវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ សម្តេចតេជោ ហ៊ុន សែន និង លោក Xiong Bo ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនបានអញ្ជើញ បញ្ជារគ្រឿងចក្របើការដ្ឋានសាងសង់ផ្លូវជាតិលេខ១១ ចាប់ពីពេលនេះតទៅប្រកបដោយបរិយាកាសរីករាយនិងស្និទ្ឋស្នាលបំផុត៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

 


ចែករំលែក៖