ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីលោកយាយវ័យចំណាស់ម្នាក់ បានធ្លាក់ពីលើកាំជណ្តើរផ្ទះនៃជាន់ទី១ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ។
ហេតុការណ៍នេះ កើតឡើងវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅក្នុងផ្ទះល្វែងមួយ ម្ដុំជ្រៃកោង ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកយាយមានឈ្មោះ ស រុំ អាយុ៨២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ លោកយាយបានឡើងបានរអិលជើងនៅកាំជណ្ដើរឡើងផ្ទះជាន់ទី១ ក្នុងកម្ពស់ប្រហែល៤ម៉ែត្រ ធ្លាក់មកក្រោម បណ្ដាលឲ្យបែកក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ សន្លប់ស្ដូកស្ដឹងតែម្ដង។
ក្រោយកើតហេតុ ក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងទាក់ទងទៅក្រុមសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ ចុះមកជួយសង្គ្រោះភ្លាមៗផងដែរ នៅកន្លែងកើតហេតុហើយ ក៏បានដឹកបញ្ជូនទៅសង្គ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះ៕ សុខាសែនជ័យ