ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តដឹកត្រីទំងន់មួយតោនកន្លះ កំពុងតែបើកធ្វើដំណើរតាមផ្លូវនិងមានភ្លៀងធ្លាក់ផងនោះ បណ្ដាលឲ្យដាច់ម៉ែត្រចង្កូត ជ្រុលទៅបុកបង្គោលភ្លើងមួយដើម បាក់សង្កត់លើរថយន្ត ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសនោះទេ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងវេលាម៉ោង ៣និង៤២នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៥ នៅចំណុចមុខស្ថានីយប្រេងឥន្ទនៈ TELA ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកបើករថយន្តបង្ក មានឈ្មោះ ឈឿន សុខឃឿន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភពដដែរ បានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Bongo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AG-៧៦០៣ ជិះគ្នា៣នាក់ ជារថយន្តដឹកត្រីយកពីព្រែកភ្នៅទៅឲ្យម៉ូយនៅស្រុកស្អាង ដោយបើកតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាបតែរថយន្តដាច់ម៉ែត្រចង្កូត ក៏រេទៅបុកបង្គោលភ្លើងចំពីមុខពេញទំហឹង បណ្ដាលឲ្យបាក់បង្គោលភ្លើងអស់មួយដើម រីឯរថយន្តវិញខូចខាតខ្ទេចមួយកំណាត់ខាងមុខ និងបែកកញ្ចក់រថយន្ត។
ក្រោយសមត្ថកិច្ចចុះធ្វើការវាស់វែង រួចនាំយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕ស តារា