ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មានប្រជាប្រីយ៍ របស់កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ រាជធានីភ្នំពេញសរុបប្រមាណ ៣,៨៣៩នាក់ នៅសាលមហោស្រពកោះពេជ្រ។
ពិធីជួបសំណេះសំណាលថ្ងៃនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ចំពោះលោកគ្រូ អ្នកគ្រូ ព្រមទាំងមន្ត្រី និងបុគ្គលិកអប់រំទាំងអស់ដែលបានខិតខំបំពេញការងារប្រកបដោយជោគជ័យកន្លងមក។ ពិធីនេះគឺជាការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងបុគ្គលិកអប់រំបន្ថែមពីលើការងារជាច្រើនដូចជាការបង្កើនប្រាក់បៀវត្សរ៍ទៀងទាត់ និងការធ្វើកំណែទម្រង់លើប្រព័ន្ធអប់រំដើម្បីអោយកាន់តែមានគុណភាពប្រសើរឡើង៕
ថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញមកជួបជុំសំណេះ សំណាលជាមួយបងប្អូនគ្រូវបង្រៀនក្នុងរាជធានីភ្នំពេញនាពេលនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអរគុណដល់លោកគ្រូអ្នកគ្រូនៅរាជធានីភ្នំពេញ ដែលបានមកជួបជុំសំណេះសំណាលពេលនេះ បើទោះបីជាថ្ងៃអាទិត្យក៏ដោយ។ ចំពោះការជួបជុំនេះក៏មានការចូលរួមពីគ្រូបង្រៀនជាជនជាតិខ្មែរ-ឥស្លាមផងដែរ ដែលកន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចូលគ្រូបង្រៀនបងប្អូនខ្មែរ-ឥស្លាមចូលទៅក្នុងក្របខ័ណ្ឌរដ្ឋប្រមាណជាង ១,៣០០នាក់ផងដែរ។ នេះជាឱកាសផ្តល់ឲ្យពួកគាត់បានចូលរួមចំណែកអភិវឌ្ឍន៍ក្នុងវិស័យអប់រំនៅកម្ពុជាផងដែរ។ នៅថ្ងៃស្អែកសម្តេចតេជោ នឹងអញ្ជើញបន្តដំណើរទៅខេត្តបាត់ដំបង ដើម្បីចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ និងស្ថាបនាផ្លូវជាតិលេខ៥។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកពីការវិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដែលកន្លង មកបានឆ្លងកាត់នូវដំណាក់កាលសង្គ្រាមរាំរៃជាច្រើន ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលប្រទេសជាតិត្រូវបានទទួលរងនូវភាពខ្ទិចខ្ទាំស្ទើរទាំងស្រុង។ តាមរយៈគោលនយោបាយ ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា គឺបានស្តារប្រទេសឡើងវិញឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ជាពិសេសតាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ ដែលធ្វើអោយកម្ពុជាបានបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាពបេញលេញជូនជាតិមាតុភូមិហូតមកដល់សព្វថ្ងៃនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរ អំពីតំលៃនៃនយោបាយ ឈ្នះ-ឈ្នះ ដែលសម្តេចតេជោ បានបង្កើតឡើងដើម្បីបញ្ចប់សង្គ្រាមផ្ទៃក្នុងនៅប្រទេសកម្ពុជា។
គោនយោបាយឈ្នះ-ឈ្នះ ដែលបានដាក់ចេញបញ្ចប់សង្រ្គាម ហើយធ្វើការបង្រួបង្រួមជាតិឡើងវិញបានជោគជ័យ គឺមានចំណុចសំខាន់ៗ០៣:
ទី១)ធានាការពារអាយុជីវិតប្រជាពលរដ្ឋដែលធ្វើសមាហរណកម្ម។
ទី២)រក្សាអាជីព និងមុខរបបប្រជាពលរដ្ឋអោយនៅដដែល។
ទី៣)រក្សានូវកម្មសិទ្ធិ រួមទាំងទ្រព្យសម្បត្តិទាំងឡាយរបស់បងប្អូនប្រជាពលរដ្ឋ ដោយគ្មានការរិបអូស ហើយអោយឈរជើង រស់នៅ និងប្រកបការងារជាធម្មតានៅទីតាំងនោះ។
លក្ខ័ណ្ឌទាំង ៣នេះហើយដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋពីកម្ពុជាប្រជាធិបតេយ្យ ចុះចូលធ្វើសមាហរណកម្មជាមួយជារាជរដ្ឋាភិបាលគ្រប់ទីកន្លែងទូទាំងប្រទេស ដែលធ្វើអោយប្រទេសជាតិយើងមានសុខសន្តិភាពមកទល់សព្វថ្ងៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រ និងឲ្យតំលៃចំពោះគ្រូបង្រៀនទាំងអស់ ដែលបានចូលរួម ចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសកម្ពុជា ជាពិសេសបានចូលរួមយ៉ាងខ្លាំងនៅក្នុង កំណែទំរងលើវិស័យអប់រំដែលធ្វើឲ្យវិស័យនេះមានការអភិវឌ្ឍរីកចម្រើនទៅមុខ។ សូមបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០១៨ នេះទៅប្រាក់ខែគ្រូបង្រៀនគឺមិនតិចជាង ១លានរៀល នោះទេ ហើយនៅមាន ការតម្លើងប្រាក់ខែជាបន្តបន្ទាប់ទៀតនៅឆ្នាំ ២០១៩។
នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់នូវសៀវភៅអប់រំទូន្មានរបស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ចែកជូនលោគ្រូ អ្នកគ្រូ ចំនួន៣,៨៣៩នាក់ ដោយគ្រូម្នាក់ទទួលបាន សៀវភៅចំនួនពីរក្បាល រួមនឹងថវិការមួយចំនួនទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអរគុណដល់បងប្អូនខ្មែរឥស្លាម ដែលតែងតែគាំទ្រ និងបោះឆ្នោតអោយគណបក្សប្រជាជនគ្រប់ទីកន្លែង។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់ លោកគ្រូ អ្នកគ្រូ ទាំងអស់សូមជួបតែសេចក្តីសុខចម្រើន ហើយក៏បានជូនពរដល់លោកគ្រូអ្នកគ្រូខ្មែរឥស្លាម សូមព្រះអាល់ឡោះជួយបីបាច់ថែរក្សា និងទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀតក្នុងការអប់រំនិងផ្តល់នូវចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយបន្តទៀត៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ