ព័ត៌មានទាន់ហេតុការណ៍៖

ពេជ្រ សេរីរ័ត្ន បន្តបង្ហាញមុខកូនតែមិនបញ្ចេញមុខប្តី

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលចំណងស្នេហារបស់អតីតតារាស្រីកញ្ញា ពេជ្រ សេរីរ័ត្ន ស្ថិតនៅក្នុងភាពអាថ៌កំបាំង ស្របពេលព័ត៌មានរឿងស្នេហារបស់នាងត្រូវបានអ្នកក្នុងចង្កោមសិល្បៈលើកបន្តុបដាក់ពីមួយទៅមួយមិនដាច់ ។ ទោះជាយ៉ាងណាតារាស្រីរូបនេះបានបង្ហាញមុខកូនប្រុសស្រីពីរនាក់ដ៏គួរឲ្យស្រលាញ់ ដែលនាងចាត់ទុកជាកែវភ្នែកនោះ ។

ថ្មីៗនេះអតីតតារាសម្តែង និងពិធីការិនី ទើបនឹងបង្ហាញមុខកូនភ្លោះ រួមទាំងស្វាមី ដែលមិនបានឆ្លងកាត់ការរៀបការធ្វើឲ្យមហាជនភ្ញាក់ផ្អើល ។ ស្របគ្នានេះដែរពិធីការិនីស្រស់សោភា ពេជ្រ សេរីរ័ត្ន ក៏បានបង្ហាញមុខកូនៗជាទីស្រលាញ់របស់នាង ប៉ុន្តែនាងនៅមិនទាន់ក្លាហានបញ្ចេញមុខមាត់ពិតរបស់ស្វាមីនៅឡើយគ្រា ដែលដំណឹងរសើបមិនពិរោះត្រចៀកជាច្រើននៅតែបន្តមានក្នុងចង្កោមអ្នកសិល្បៈ ដែលចុងក្រោយមានការលើកឡើងថា នាងមានចំណងទាក់ទងនឹងបុរសម្នាក់ ដែលបម្រើការងារនៅស្ថានទូតចិនប្រចាំនៅកម្ពុជា ។

តារាស្រីរូបនេះនៅមិនទាន់បានអាចស្វែងរកការបញ្ជាក់បាននៅឡើយគ្រា ដែលកន្លងទៅនាងតែងតែប្រកែកអំពីការបញ្ជាក់រឿងរ៉ាវផ្ទាល់ខ្លួនជាសាធារណៈនោះ ។ ទោះជាយ៉ាងណារូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីកូនប្រុសស្រីធំធាត់ និងការកម្សាន្តរួមគ្នាក្អាកក្អាយបែបលក្ខណៈគ្រួសារ បានបង្ហាញថានាងមានក្តីសុខខ្លាំងជាមួយស្វាមី និងកូនៗ ។ ប្រភពពីអ្នកសិល្បៈលើកឡើងថា ពេជ្រ សេរីរ័ត្ន ទទួលបានការថ្នាក់ថ្នម និងបើកផ្លូវឲ្យប្រឡូកសិល្បៈពីស្វាមីរួមទាំងមានជំនួញក្នុងដៃមួយចំនួនផងដែរ ។ ទោះជាយ៉ាងណាគេកម្រនឹងបានឃើញតារាស្រីរូបនេះបណ្តើរគូស្នេហ៍សាធារណៈដូចសិល្បករដទៃនោះទេ៕ វឌ្ឍនា


ចែករំលែក៖