ភ្នំពេញ៖ ក្នុងសណ្ឋាគារយីហោ” ហូម ថោន”បានជះក្លិនស្អុយធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដែលចូលទៅស្នាក់នៅនិងប្រជាពលរដ្ឋរស់នៅជិតខាង ខណៈដែលស្រ្តីជនជាតិឥណ្ឌូណេស៊ីម្នាក់ ត្រូវបានប្រុសស្នេហ៍ជនជាតិអាមេរិកច្របាច់ក សម្លាប់ក្នុងបន្ទប់ហើយចាក់សោរទ្វាគេចខ្លួនបាត់ស្រមោល ។
ករណីឃាតកម្មខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់លេខ៤០៨ ជាន់ទី៤ នៃសណ្ឋាគារ”ហូម ថោន”ទីតាំងលេខ៣៥អឺ០ ផ្លូវលេខ១៧២ ក្រុម១៩ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
សាកសពស្រ្តីរងគ្រោះឈ្មោះENEN CAHYTI អាយុ៤៨ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី កាន់អត្តសញ្ញាណប័ណ្ណNIKៈ៣១៧៤០៩៥២០៩ ៧០០០១៧,ប័ណ្ណពិនិត្យសុខភាពរបស់ឈ្មោះENEN CAHYTI ចំនួនមួយសន្លឹកនិងកាតអេធីអឹម ចំនួន៣ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។ ចំណែកឯជនសង្ស័យ ឈ្មោះ FATEEN BILAL ABDUL ភេទប្រុស ៦៧ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ ៥៦១៤៨០៦៦ ស្នាក់នៅជាមួយជនរងគ្រោះទីតាំងកើតហេតុខាងលើ (រត់គេចខ្លួនបាត់) ។
តាមប្រភពព័ត៍មានពីបុគ្គលិកសណ្ឋាគារម្នាក់ឈ្មោះស៊ាង ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ បានប្រាប់សមត្ថកិច្ចមូលដ្ឋានថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹកមានជនបរទេស២នាក់(ស្រ្តីរងគ្រោះនិងជនសង្ស័យ) ដោយប្រុស ឈ្មោះ FATEEN BILAL ABDUL ភេទប្រុស ៦៧ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ ៥៦១៤៨០៦៦ និងស្រ្តីរងគ្រោះ បានមកជួលស្នាក់នៅទីតាំងកើតហេតុខាងលើ ។ ហើយម្ចាស់សណ្ឋាគារបានហ្វូតូកូពីតែលិខិតឆ្លងដែនលេខ របស់ជនសង្ស័យទុក ហើយប្រុសសង្ស័យក៏មិនដែលហូបអាហារក្នុងសណ្ឋាគារទេ គឺចេញទៅខាងក្រៅរហូត ។លុះនៅថ្ងៃកើតហេតុខាងលើវេលាម៉ោង៤រសៀល បុគ្គលិកសណ្ឋាគារឈ្មោះ ស៊ឹម ហេង ភេទប្រុសបានចុះពីលើមកដល់ជាន់ទី៤ ស្រាប់តែធំុក្លិនស្អុយចេញពីបន្ទប់លេខ៤០៨ ហើយប្រអប់សោរខាងក្រៅឃើញមាគ្របគំរបដែកពីលើ និងចាក់សោរថ្មីពីលើសិរទា្វររបស់សណ្ឋាគារមិនឲ្យចាក់កើត រួចក៏នាំគ្នាគាស់មើលទើបដឹងថា មានមនុស្សស្លាប់ឡើងជះក្លិនស្អុយ ហើយក៏រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញខាងកោសលវិច្ឆ័យរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យ ដោយយោងតាមការសន្និដ្ឋានរបស់លោកឧកញ្ញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យសាលាដំបូងរាជធានីភ្នំពេញថា ជនរងគ្រោះស្លាប់ដោយសារការច្របាច់ក (ឃាតកម្ម) បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចយកទៅតម្តល់ទុកនៅវត្តស្ទឹងមានជ័យ ៕ ស តារា