ព័ត៌មានទាន់ហេតុការណ៍៖

លោក​ កឹម​ សុខា​ ត្រូវ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដដែល​

ចែករំលែក៖

ភ្នំពេញ​៖ មន្ត្រី​ជាន់ខ្ពស់​សាលាឧទ្ធរណ៍​ ថ្លែង​ថា​ ក្រោយ​បញ្ចប់​សវនាការ​ជា​អសាធារណៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មីនា​ នេះ​ លោក​ ងួន​ អ៊ីម​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពន្ធនាគារ​ដដែល​ ពោល​គឺ​ ពុំ​ព្រម​ដោះលែង​នោះទេ​ ។

គួរ​បញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០​ឆ្នាំ​។

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំហើយ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ព្រះរាជ​អាជ្ញា​៣រូប​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុង ដើម្បី​សាកសួរ​លោក កឹម សុខាដោយ​ការ​សាកសួរ​នោះ ក៏មាន​វត្តមាន​របស់​មេធាវី​ទាំង ៥​រូប របស់​លោក កឹម សុខា ដែរ៕ ចេស្តា


ចែករំលែក៖