ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ នៃប្រទេសឥណ្ឌូនេស៊ី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ នៃប្រទេសឥណ្ឌូនេស៊ី ។

លោក Luhut Binsar Pandjaitan បានពាំនាំនូវកាផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតីឥណ្ឌូនេស៊ី ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ផងដែរ ហើយលោកក៏បាននាំកនូវលិខិតគោរពអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នំានៅប្រទេសឥណ្ឌូនេស៊ី ដែលមានវត្តមានមេដឹកអាស៊ាន និងធនាគារ IMF ,World Bank ផងដែរ។ ជាមួយគ្នានោះ លោក Luhut Binsar Pandjaitan ក៏បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំនោះគឺសំខាន់ណាស់ ដែលឆ្លុះបញ្ចាំងពីស្ថានភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជាដែលកន្លងមកគឺបានចាប់ផ្តើមពីចំណុចទាបបំផុត រហូតមកដល់ពេលនេះក្លាយទៅជាប្រទេសមួយដែលជាប់ចំណាត់ថ្នាក់លេខ៦នៅពិភពលោក ហើយការរីកចម្រើននេះ គឺជាមោទភាពមួយប្រទេសក្នុងតំបន់ និងអន្តរជាតិទាំងមូលបានដឹងពីការរីកចម្រើននេះ ។ កម្ពុជាកាលពី៣០ឆ្នាំមុននោះ គឺជាប្រទេសពុំមានសេដ្ឋកិច្ចលូតលាស់ទេ ក៏ប៉ុន្តែពេលនេះ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាង ៧% ដែលចំពោះរូបលោកផ្ទាល់ គឺបានកោតសរសើរដល់ការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមនឹងនោះ លោកក៏បានជម្រាបពីបំណងចង់ពង្រឹងបន្ថែមអំពីកិច្ចសហប្រតិបត្តិការលើវិស័យយោធា វិស័យសេដ្ឋកិច្ច កសិកម្ម និងទេសចរណ៍។ លោកនឹងពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ ឡៃអិន របស់ឥណ្ឌូនេស៊ីដើម្បីជំរុញអោយមានការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជានៅពេលខាងមុខ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែអំណរគុណដល់ លោក Luhut Binsar Pandjaitan ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតីឥណ្ឌូនេស៊ី ហើយសម្តេចក៏ទទួល និងបានឆ្លើយតបជាផ្លូវការនៃការអញ្ជើញទៅចូលរួលកិច្ចប្រជុំនៅខែតុលានៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។ សម្តេចតេជោ បានថ្ងែងអំណរគុណដល់លោករដ្ឋមន្រ្តី នូវកិចខ្ចសហប្រតបតិ្តការជាមួយគ្នាកន្លងមកជាពិសេស លើការងារសន្តិភាព និងការហ្វឹកហ្វឺនបង្កើនសមត្ថភាពកងទាហានកម្ពុជា។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី គឺមានការរីកចម្រើនខ្លាំងគឺរួមទាំងវិស័យយោធា និងវិស័យផ្សេងៗទៀត ក៏ប៉ុន្តែប្រទេសទាំងពីរត្រូវខិតខំពង្រឹងនិងពង្រីកបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍អោយពិនិត្យមើលបន្ថែមទៀតនូវសក្តានុពលដទៃទៀតដែលយើងមាន ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគទេសចរណ៍ និងកសិកម្មជាដើម។ ហើយទាក់ទងនឹងកសិកម្មនេះ សម្តេចតេជោ ក៏បានស្នើសុំអោយភាគីខាងឥណ្ឌូនេស៊ីមកពិនិត្យមើលពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។ ព្រោះថា បើឥណ្ឌូនេស៊ីមកដាក់ទុននៅប្រទេសកម្ពុជា គឺអាចនឹងធ្វើអោយតម្លៃអង្ករដែលនាំចេញទៅប្រទេសឥណ្ឌូនេស៊ីនឹងអាចចុះថោក ។

ពាក់ព័ន្ធនឹងកាហោះហើរត្រង់ ពីឥណ្ឌូនេស៊ី មកកម្ពុជា និងពីកម្ពុជាទៅឥណ្ឌូនេស៊ី នោះសម្តេចតេជោ ហ៊ុន សែន គាំទ្រយ៉ាងខ្លាំង ហើយបើអាចធ្វើបានកាន់តែលឿន គឺកាន់តែល្អ ព្រោះវាអាចលើកស្ទួយកិច្ចសហប្រតិបត្តការវរាងប្រទេសទាំងពីរផង និងដើម្បីផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជនផង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលបានផ្តល់នូវជំនួយដល់កម្ពុជាកន្លងមក រួមទាំងការបណ្តុះបណ្តាលដល់ធនធានមនុស្សរបស់ប្រទេសកម្ពុជាផងដែរ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖