ភ្នំពេញ ៖ ចោរឆក់ទូរស័ព្ទដៃម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន ខណៈដែលរូបគេនិងបក្ខពួកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះកំពុងអង្គុយចុចលេងហ្គេមក្នុងរថយន្តរបស់ខ្លួន បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួនតែត្រូវជនរងគ្រោះបើករថយន្តដេញបុកបណ្ដាលឲ្យដួលម៉ូតូ ភ្លាមនោះសមត្ថកិច្ចនៅក្បែរនោះចាប់បានម្នាក់និងប្រជាពលរដ្ឋព្រួតវាយឡើងទ្រាមខ្លួន ។ ចំណែកឯបក្ខពួក២នាក់ទៀតបានយកទូរស័ព្ទដៃជនរងគ្រោះរត់គេចខ្លួនបាត់ ។
ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានធ្វើឡើងកាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានព្រះមុនីវង្សថ្មី ផ្លូវជាតិលេខ១ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ណន គឹមលាង ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកហូខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះឈួន សម្ផស្ស ភេទ ប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្តតាក់ស៊ី ស្នាក់នៅភូមិព្រែកវាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សម្ភារៈបាត់បង់ទូរស័ព្ទដៃម៉ាក Samsun Galaxy-S8 ពណ៌ទឹកមាស ប្រើលេខស៊ីម ០៩៧ ៦១៣ ៥៥១៩ ។
យោងតាមប្រភពពីមន្រ្តីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានយកទូរស័ព្ទដៃម៉ាក Samsun Galaxy-S8 ពណ៌ទឹកមាស ប្រើលេខស៊ីម ០៩៧ ៦១៣ ៥៥១៩ មកចុចលេងហ្គេមនៅចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ៣នាក់ ឈ្មោះ ណន គឹមលាង, ឈ្មោះសេះ និងឈ្មោះស្នា ជិះម៉ូតូ១គ្រឿង Honda Dream សេរី២០១៧ ពណខ្មៅ ពាក់ស្លាកលេខ កណ្តាល ១V-៤៩០៩ លេខតួ-លេខម៉ាស៊ីន ៥១៤៥៤៨២ មកអែបជិតជនរងគ្រោះ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ បានសម្រេចរួចជិះគេចខ្លួនតែម្តង ។ ភ្លាមនោះជនរងគ្រោះស្រែកចោរៗ ក៏មានសមត្ថកិច្ចមូលដ្ឋាននៅក្បែរនោះជួយធ្វើអន្តរាគមន៍ដេញតាមរហូត ទៅដល់ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជនរងគ្រោះក៏បើករថយន្តបុកជនសង្ស័យដួលម៉ូតូ ឃាត់ខ្លួនបានម្នាក់ ឈ្មោះណន គឹមលាង រួមនិងម៉ូតូជិះធ្វើសកម្មភាព១គ្រឿងខាងលើ ហើយបញ្ជូនមក អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរនិងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះសេះ និងឈ្មោះ ស្នា បានយក ទូរស័ព្ទដៃជនរងគ្រោះរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផន្តាទោសតាមច្បាប់ ៕ស តារា