ភ្នំពេញ៖ កូនឈ្នួលម្នាក់ជាអ្នកគិតលុយក្នុងផ្ទះសំណាក់ហូលីដេ ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈកូនស្រីថៅកែអាយុ១៥ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ រហូតមកទល់ថ្ងៃទី២៨ ខែមីនា នេះ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។
ជនសង្ស័យឈ្មោះ ផល ណាផា អាយុ២០ឆ្នាំជាអ្នកគិតលុយក្នុងផ្ទះសំណាក់ ហូលីដេ មានស្រុកកំណើត ភូមិកំពង់លាវ ឃុំលេខ២ ស្រុកកំពង់លាវ ខេត្តព្រៃវែង ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈកូនស្រីថៅកែបានសម្រេច ទើបបែកការណ៍ដឹងដល់ឪពុកក្មេងស្រីរងគ្រោះឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ ហូលីដេរ ភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។
ក្មេងស្រីរងគ្រោះ រៀបរាប់ថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នាងបានទៅបន្ទប់ជនសង្ស័យដើម្បីសុំខ្ចីទូរស័ព្ទដៃជនសង្ស័យលេងហ្គេម ស្រាប់តែជនសង្ស័យអូសទាញដៃនាងចូលទៅក្នុងបន្ទប់ធ្វើសកម្មភាពចាប់ស្រាតខោអាវនាងរួចរំលោភសេពសន្ថវៈរហូតបានសម្រេច ខណៈនាងខំរើបម្រាស់ដែរតែរើមិនរួច។
រហូតមកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នាងដាច់ចិត្តប្រាប់ឪពុកម្តាយឱ្យដឹងពីការចាប់រំលោភសេពសន្ថវៈពីសំណាក់បុរសគិតលុយ ក្រោយពីដឹងរឿងរ៉ាវនេះទើបឪពុកនាំខ្លួនជនសង្ស័យយកមកប្រគល់ឱ្យសមត្ថកិច្ចធ្វើការសាកសួរ ។
ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានរួមភេទជាមួយនារីរងគ្រោះពិតប្រាកដមែនតែគឺជាការព្រមព្រៀង មិនបានចាប់បង្ខំរំលោភសេពសន្ថវៈទេ៕ ចេស្តា