ភ្នំពេញ ៖ នារីម្នាក់ ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាព ឆក់យកកាបូបស្ពាយបានសម្រេច ហើយធ្វើឲ្យជនរងគ្រោះដួលម៉ូតូ រងរបួសរលាត់ខ្លួនប្រាណផងដែរ ។
ក្នុងករណីខាងលើនេះ បានបង្កឡើងនៅវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៨ នៅក្បែរនិង ក្រសួង ឧតុនិយម ផ្លូវមហាវីថីមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នារីរងគ្រោះដែលត្រូវជនសង្ស័យឆក់យកកាបូបបានសម្រេចខាងលើនោះ មានឈ្មោះ អៀង ស៊ីណេត ភេទស្រី អាយុ ២០ឆ្នាំ មុរបប បុគ្គលិកហាង ស្នាក់នៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដោយជិះម៉ូតូម៉ាក ហុងដា អាខុន ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI 1520 ។ ដោយឡែកសម្ភារដែលបាត់បង់នៅក្នុងកាបូបមាន លុយមួយចំនួន អត្តសញ្ញាណប័ណ្ណ មួយសន្លឹក និងទូរសព្ទ័ មួយគ្រឿង ។
យោងតាមសម្តីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូចេញពីកន្លែងប្តីលក់ដូរនៅម្តុំផ្សារអូរឬស្សី ដោយគោលបំណងត្រលប់ទៅផ្ទះវិញនៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដោយបានធ្វើដំណើរតាមផ្លូវមហាវិថីមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំនុចកើតហេតុ ក៍ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូមិនចាំម៉ាក មកធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីរូបនាងបានសម្រេច និងបណ្តាលឲ្យនារីរងគ្រោះដួលម៉ូតូរងរបួស រលាត់ដៃរលាត់ជើង ហើយជនសង្ស័យទាំងពីរនាក់ បានយកកាបូបរបស់នាង ដែលឆក់យកបានសម្រេច ជិះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ បានជួយលើករូបនាងមកកៀនផ្លូវ និងបានផ្តល់ដំណឹងទៅដល់ សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកមើល លុះសមត្ថកិច្ចមូលដ្ឋានបានចុះទៅ សួរនាំពីដំណើររឿង ហើយបានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង តែជនរងគ្រោះមិនបានទៅនោះទេ ព្រោះរូបគាត់គិតថា មិនអាចទទួលបានរបស់មកវិញនោះឡើយ រួចហើយនារីរងគ្រោះក៏បានតេទូរសព័្ទឲ្យហៅក្រុមគ្រួសារ មកយកត្រឡប់ទៅផ្ទះវិញ ៕ ភារ៉ា ដង្កោ