ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនបុកជាមួយរថយន្តស៊េរីទំនើបត្រង់ចំណុចផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ញាក់សាច់មួយបានបង្កឡើងដោយរថយន្តកាមរីបាឡែន បុកជាមួយនឹងរថយន្តស៊េរីទំនើបម៉ាក ឆេរលែត លាន់ដូចរន្ធះនៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូតខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវលេខ៤៣០ កែងនឹងផ្លូវលេខ៤៦៤ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5682 បើកដោយបុសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣០ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំនុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក ឆេរលែត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-7759 បើកដោយបុរសម្នាក់ រួមដំណើរដោយនារី២នាក់ជាមួយគ្នា បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៦៤ ទិសដៅពីលិចទៅកើត បានឆ្លងផ្លូវលេខ៤៣០ ក៏ត្រូវបានរថយន្តកាមរីបាឡែនបុកចំពីចហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា តែសំណាងល្អមិនមានអ្នករងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាដែរ តែភាគីទាំងពីរនិយាយយកតែត្រូវរៀងខ្លួន ទើបសមត្ថកិច្ចទាក់ទងទៅខាងជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅស្នងការដ្ឋាន នៃការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងពីរចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់តែម្ដង៕ ភារ៉ា ដង្កោ


ចែករំលែក៖