មានការភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះបន្ទាប់ពី តារាសិចស៊ី ដេនីក្វាន់ ប្រកាសស្វែងរកមុខនារីដែលជេប្រមាថនាងតាមហ្វេសប៊ុក ដោយសន្យានឹងប្រគល់ប្រាក់រង្វាន់២០០ដុល្លារអាមេរិក ជាថ្នូរនឹងការផ្តល់ដំណឹងទីតាំងដែលនារីជេប្រមាថនាងស្នាក់នៅ។ ក្រោយការប្រកាសរកនិងព្រមានប្តឹងនេះមិនបានប៉ុន្មានថ្ងៃផងស្រាប់តែក្មេងស្រីនោះបានចេញមុខសុំទោសនាងជាសាធារណៈ។
ដេនី ក្វាន់ បានធ្វើការព្រមានធ្វើចំណាត់ការតាមផ្លូវច្បាប់ចំពោះនារីក្នុងគណនីយហ្វេសប៊ុកOun Pich New កាលពីចុងសប្តាហ៍មុននេះ ។ ការព្រមានរបស់នាងធ្វើឡើងព្រោះនារីខាងលើដែលបានចូលComment នៅលើបណ្តាញហ្វេសប៊ុកនូវពាក្យអសុរសនិងជេប្រមាថ ដេនី ក្វាន់ និងបងស្រីនូវពាក្យមិនពិរោះត្រចៀកមួយចំនួនគ្រាដែលនាងកំពុងធ្វើការផ្សាយផ្ទាល់តាមហ្វេសប៊ុកលក់ផលិតផលថែសម្រស់នោះ ។ ដេនី ក្វាន់ថែមប្រកាសជូនលុយចំនួន២០០ដុល្លារអាមេរិកប្រសិនបើមានអ្នកណាបានផ្តល់ដំណឹងអំពីអត្តសញ្ញាណនិងទីតាំងរបស់អ្នកជេប្រមាថនាងខាងលើ។ ជាមួយគ្នានេះនាងក៏ព្រមានប្តឹងនាងរីនោះដើម្បីជាការព្រមានផងដែរ ។ ក្រោយប្រកាសមិនបានប៉ុន្មានថ្ងៃផង នារីម្ចាស់ គណនីយOun Pich Newបានបញ្ចេញវីដេអូសុំទោសដេនី ក្វាន់ជាសាធារណៈ ដែលនារីវ័យក្មេងស្រស់សោភារូបនេះលើកឡើងថា ព្រោះតែនាងគិតមិនដល់និងឆេវឆាវមួយពេលរួមជាមួយការសន្យាថាថ្ងៃបញ្ចប់ការប្រព្រឹត្តិនៅថ្ងៃក្រោយនោះ។
ជាមួយគ្នានេះ តារាសម្តែង ស្រី ដេនី ក្វាន់ បានលើកឡើងថាសម្រាប់នាងមិនបញ្ហាទេអោយតែខុសហើយចេះកែហើយនាងទទួលយកការសុំទោសពីក្មេងស្រីរូបនេះហើយសង្ឃឹមថានាងរូបនេះនឹងមិនធ្វើបែបនេះជាលើកទីពីរទៀតទេ ។ នាងបន្តថា ការដែលនាងព្យាយាមស្វែងរកមុខនឹងព្រមានប្តឹងក្មេងស្រីខាងលើគឺជាគំរូសម្រាប់អ្នកផ្សេងទៀតហើយនាងក៏មិនមែនជាមនុស្ស ដែលចេះទៅបង្ករជម្លោះជាមួយអ្នកណាមុនទេ ។ នាងថាមនុស្សណាក៏ធ្លាប់មានកំហុសដែរប៉ុន្តែសំខាន់ចេះកែខ្លួន ហើយនាងរំពឹងថា អ្នកលេងហ្វេសប៊ុកដទៃនឹងចេះប្រើប្រាស់បណ្តាញសង្គមមួយនេះក្នុងផ្លូវល្អ និងមិនបៀតមៀនជេប្រមាថអ្នកដទៃនោះទេ ៕ វឌ្ឍនា