ព័ត៌មានទាន់ហេតុការណ៍៖

ការប្រើប្រាស់កាំភ្លើងដោយសេរីរបស់អាមេរិក ក្លាយជាប្រធានបទក្តៅដោយសារតែការបាញ់សម្លាប់មនុស្សបានកើតមានជាបន្តបន្ទាប់

ចែករំលែក៖

ទើបប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ក៏ដូចជាមន្ត្រីគណបក្សសាធារណរដ្ឋ មួយចំនួន បានគាំទ្រដល់ការប្រើប្រាស់ កាំភ្លើង នៅអាមេរិក ដោយចាត់ទុកថា នេះជាទំនៀមទម្លាប់មិនអាចលុបចោល បានឡើយ ដោយការប្រើប្រាស់អាវុធ កាំភ្លើង កើតមានតាំងពីមុនទឹកដីអាមេរិក កកើតមកម៉្លេះ ទាំងនោះហើយយើងមិន អាចបោះបង់ចោលបានឡើយ។

ប៉ុន្តែក្រោយការបាញ់ប្រហារ ជាបន្ត បន្ទាប់ហើយការបាញ់ប្រហារទៀតសោត គឺនៅក្នុងសាលារៀន ពិសេសគឺសាលា បឋមសិក្សា ដែលជាហេតុធ្វើឲ្យពលរដ្ឋ អាមេរិក មួយចំនួនធំ មិនចង់ឲ្យមានការប្រើប្រាស់កាំភ្លើង ឬត្រូវមានច្បាប់គ្រប់គ្រងកាំភ្លើងឲ្យបានតឹងតែងជាទីបំផុត។ កន្លង មកលោកអូបាម៉ា បានស្នើច្បាប់ គ្រប់គ្រងការប្រើប្រាស់កាំភ្លើងតែត្រូវបានគណបក្សសាធារណរដ្ឋច្រានចោល។

ដោយសារតែការបាញ់ប្រហារនៅ សាលារៀនសម្លាប់សិស្សជាបន្តបន្ទាប់ ទើបកន្លងមកមាន បាតុករអាមេរិករាប់ រយពាន់នាក់ ដែលជាសិស្សានុសិស្ស និងអ្នកគាំទ្ររបស់ពួកគេ បានប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករ ជាប្រវត្តិសាស្ត្រ ដើម្បី ធ្វើបាតុកម្ម ប្រឆាំងទៅនឹងការវាយប្រហារដោយការបាញ់កាំភ្លើងដែលកើតឡើងជាបន្តបន្ទាប់នៅអាមេរិក។ មិនតែប៉ុណ្ណោះ ចលនាតវ៉ានេះ នឹងរីករាលដាលទៅក្រៅ ប្រទេសទៀតផង។

ការធ្វើបាតុកម្ម នៅទូទាំងសហរដ្ឋ អាមេរិក របស់យុវជនវ័យក្មេងរាប់ពាន់នាក់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ មាន បំណង បង្កើនការរឹតបន្តឹងលើការលក់ និងប្រើប្រាស់កាំភ្លើងនៅក្នុងប្រទេស។ ការ បាញ់ប្រហារនៅអាមេរិក កើតឡើងម្តង ហើយម្តងទៀត និងបានក្លាយជារឿងគួរឱ្យភ័យខ្លាចសម្រាប់ពលរដ្ឋអាមេរិក។

គេសង្កេតឃើញថា ការធ្វើបាតុកម្មនេះ ទទួលបានជោគជ័យជាខ្លាំង ដោយហេតុ ថា មានអ្នកចូលរួមជាច្រើនហួសពីការ ស្មាន។ ពិសេសជាងនេះទៅទៀតនោះ ចលនាតវ៉ានេះ នឹងរីកសាយភាយកាន់តែធំឡើងរហូតដល់ក្រៅប្រទេសដូចជា នៅអង់គ្លេស និង អូស្ត្រាលីជាដើម។

អ្នករៀបចំធ្វើចលនាប្រឆាំងម្នាក់បាន ឲ្យដឹងថា ក្រុមរបស់ពួកគេ គ្រោងនឹងធ្វើ បាតុកម្មជាង ៨០០ លើកទៀត នាពេល ខាងមុខ ទាំងក្នុងសហរដ្ឋអាមេរិកនិង បណ្តាប្រទេសផ្សេងៗទៀត ដើម្បីជំរុញឲ្យមានការគ្រប់គ្រងការលក់ដូរអាវុធ ទ្វេឡើង និង មិនអនាធិបតេយ្យដូចបច្ចុប្បន្ននេះ។

ចលនាតវ៉ាដ៏ធំ និងមិនដែលធ្លាប់មាន ពីមុនមក នៅក្នុងប្រទេសមហាអំណាច មួយនេះ ក៏បានទទួលការគាំទ្រជាច្រើន ផងដែរ ពីសំណាក់តារាចម្រៀង និង តារា ភាពយន្តល្បីៗអាមេរិកដូចជានាង Demi Lovato និង នាង Ariana Grande ។ ក្នុង ចំណោមតារាល្បីៗទាំងនោះ មានអ្នកខ្លះ បរិច្ចាគថវិកា និង អ្នកខ្លះទៀតចូលរួមធ្វើ បាតុកម្មដោយផ្ទាល់។

ទាក់ទិនរឿងនេះ លោក អតីតប្រធា នាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានសរសេរ នៅលើបណ្តាញសង្គម Twitter ថា រូប លោក និងភរិយាពិតជាស្ញប់ស្ញែងណាស់ ចំពោះសិស្សានុសិស្សវ័យក្មេងទាំងអស់ ដែលបំផុសគំនិតធ្វើបាតុកម្មនេះឡើង។ លោកអូបាម៉ា បានបន្ថែមថា សំឡេងតវ៉ា របស់ពលរដ្ឋអាមេរិកដ៏ច្រើនបែបនេះ នឹងនាំមកវិញនូវការផ្លាស់ប្តូរជាវិជ្ជមានជាមិនខាន។

ប្រពៃណី នៃការប្រើប្រាស់កាំភ្លើងរបស់ពលរដ្ឋអាមេរិក

តាមតួលេខបានបង្ហាញឲ្យឃើញថា បច្ចុប្បន្ន មានកាំភ្លើង ត្រូវបានប្រើប្រាស់ ឬរក្សាទុកនៅក្នុងផ្ទះពលរដ្ឋអាមេរិករហូតដល់ជាង២៧០លានដើម ក្នុងចំណោម ពលរដ្ឋជាង ៣០០លាននាក់ ។ អាមេរិក គឺជាប្រទេស ដែលមាន អ្នកប្រើប្រាស់កាំភ្លើងច្រើនជាងគេបំផុតលើពិភពលោក ។ មិនតែប៉ុណ្ណោះអាមេរិក ក៏ជាប្រទេសដែល នាំមុខពិភពលោក ពីការសម្លាប់មនុស្ស ពាក់ព័ន្ធនឹងកាំភ្លើង ដោយមានមនុស្សជាង ១សែននាក់ស្លាប់និងរបួសជារៀងរាល់ឆ្នាំ ក្នុង នោះមានពលរដ្ឋជាង៣មឺុននាក់ រង ការបាញ់សម្លាប់ ។

ការប្រើប្រាស់កាំភ្លើងនៅអាមេរិក គឺជា រឿងស្របច្បាប់ ដោយនៅក្នុងរដ្ឋធម្មនុញ្ញ អាមេរិក បានអនុម័តកាលពីឆ្នាំ១៧៨៩ ស្តីពីសិទ្ធិ ប្រើប្រាស់កាំភ្លើង។ ដោយសារ តែ ប្រវត្តិសាស្ត្រទឹកដីអាមេរិក បានផ្សារ ភ្ជាប់នឹងកាំភ្លើង។

ចាប់តាំងពី ពលរដ្ឋអឺរ៉ុបដំបូងទៅកាប់ឆ្ការដីទុកចោលបង្កើតជាទឹកដីអាមេរិក គឺបានប្រើប្រាស់អាវុធដើម្បីការពារខ្លួន ប្រឆាំងនឹងសត្វសាហាវ បណ្តេញជនជាតិ ដើម ដណ្តើមយកដី បង្កើតទៅជាប្រទេសមួយក្រោមការគ្រប់គ្រងរបស់អង់គ្លេស។

ប៉ុន្តែក្រោយមក ក្រុមជនជាតិអឺរ៉ុបដែលបង្កើតអាមេរិក បានទាមទារ ផ្តាច់ខ្លួន ឯករាជ្យ ពីអង់គ្លេស តាំងពីឆ្នាំ១៧៧៥- ១៧៨១ នៅទីបំផុតអាមេរិកទទួលបាន ជ័យជម្នះ។ ចាប់តាំងពីពេលនោះមក អាមេរិក បានបន្តធ្វើសង្គ្រាមឈ្លានពាន ពង្រឹកទឹកដី។ ក្រោយរយៈពេល១០០ឆ្នាំ ដែលអាមេរិកប្រកាសឯករាជ្យ ទឹកដី អាមេរិក បានរីកធំជាងមុនរហូតដល់ទៅ ១០ដង ដែលលទ្ធផលនៃ គោលនយោ បាយការបរទេស «ចុងកាំភ្លើង»។

ទាំងនោះហើយ បានជាការប្រើប្រាស់ កាំភ្លើងនៅអាមេរិក គឺជា ប្រពៃណី ទៅ ហើយ «ប្រពៃណីនៃអំពើហិង្សា»។ ការបាញ់ ប្រហារ ការកាប់សម្លាប់ បានធ្វើឲ្យអាមេ រិករីកធំធាត់ ក្លាយទៅជាមហាអំណាចទីមួយនៅលើពិភពលោក ។នៅពេលបច្ចុប្បន្ន អាមេរិក នៅតែប្រើប្រាស់យុទ្ធសាស្ត្រទាំងនោះដដែលដោយ បង្កឲ្យមានវិវាទនៅក្រៅប្រទេសដើម្បីផលប្រយោជន៍របស់ អាមេរិក។

បច្ចុប្បន្ន ពលរដ្ឋអាមេរិក ជាង៣១៥ លាននាក់ ទាំងកុមារ ក្នុងនោះមាន កាំភ្លើង ជាង ២៧០លានដើមត្រូវបាន ប្រើប្រាស់នៅក្នុងចំណោមពលរដ្ឋទាំង អស់៕ ម៉ែវ សាធី


ចែករំលែក៖