ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដវីហ្គោបត់ឆ្លងផ្លូវត្រូវរថយន្ដហ៊ីយ៉ាន់ដាយបើកបុកបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ រថយន្ដវីហ្គោមួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ដម៉ាកហ៊ីយ៉ាន់ដាយបើកបុក បណ្ដាលឲ្យបុរសជាអ្នកបើកបរថយន្ដវីហ្គោទទួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០និង០៥នាទី ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូមែត្រលេខ២២-២៣ ស្ថិតក្នុងភូមិកណ្ដាលឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ មឿន គិនណារី ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល បើករថយន្ដម៉ាកវីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2T-6239 ។ ចំណែកឯរថយន្ដមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ធុនធំ ប្រភេទរថយន្ដយន្ដស្ទូច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-8669 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដវីហ្គោ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ លុះបើកមកដល់ចំណុចកើតហេតុក៏បត់ឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ខណៈនោះក៏មានរថយន្ដមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បើកក្នុងទិសដៅពីត្បូងទៅជើង ក៏ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់បានជ្រុលទៅបុករថយន្ដវីហ្គោ បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើករថយន្ដវីហ្គោទទួលរងរបួសធ្ងន់ រីឯអ្នកបើកបររថយន្ដហ៊ីយ៉ាន់ដាយបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការចុះវាស់វែងកន្លែងកើតហេតុ រួចបញ្ជាក់ថា ករណីខាងលើនេះគឺបង្កឡើងមកពីរថយន្ដវីហ្គោបើកឆ្លងផ្លូវមិនមើលមុខមុខក្រោយ គ្មានការប្រយ័ត្ន ទើបបានជារថយន្ដហ៊ីយ៉ាន់ដាយបើកបុកយ៉ាងដូច្នេះ ។ ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចកសាងឯកសារដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖