ព័ត៌មានទាន់ហេតុការណ៍៖

យកដៃប៉ះបង្គោលភ្លើងអគ្គិសនីសសរដែកបណ្តាលឲ្យឆក់ដួលស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តសៀមរាប៖ នារីម្នាក់បានយកដៃប៉ះបង្គោលភ្លើងអគ្គិសនីសសរដែកបណ្តាលឲ្យឆក់ដួលស្លាប់មួយរំពេច កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅ ចំណុច បង្គោលភ្លើង លេខ៥៥៩ តាមបណ្តោយផ្លូវបេតុង ក្រោយ ធនាគាអេស៊ីលីដា ជិតហាង ម្លិះអង្គរថ្មី ក្នុង ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទំនងជាពុំដឹងថា បង្គោលភ្លើងនោះមានខ្សែភ្លើងស្រាត​ឆក់នោះទេ ខណៈកំពុងដើរចេញពីធ្វើការ បំរុងទៅផ្ទះជួលវិញ ក៏ស្រាប់តែយកដៃច្រតលើបង្គោលភ្លើងបណ្ដាលឲ្យឆក់ស្លាប់តែម្តង ។

លោកវរៈសេនីយ៍ត្រី ឆឹង សុភា អធិការរងក្រុងសៀមរាប បានប្រាប់នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានក្មេងស្រីឆក់អគ្គិសនីដួលស្លាប់ សមត្ថកិច្ចមូលដ្ឋានបានចុះមកជួយពិនិត្យសាកសពនារីរងគ្រោះដោយបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ភា មិន​ស្គាល់​ត្រកូល ភេទ​ស្រី អាយុ ២២​ឆ្នាំ មុខរបរ ជាបុគ្គលិក​ ហាងយីហោ តា​លាភ អូរឫស្សី​២ ក្រោយស្តាតចាស់ បានស្នាក់នៅបណ្តោះអាសន្ន បន្ទប់​ជួល​ភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​ ។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យរួច កម្លាំងជំនាញរបស់ស្នងការនគរបាលខេត្តបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងស្លាប់មែន មិនមែនជាករណីឃាតកម្មអ្វីឡើយ។

បច្ចុប្បន្នសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅដំម្កល់សពទុកនៅវត្តគោកចករង់ចាំក្រុមគ្រួសារមកយកទទួលទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន​រិទ្ធី


ចែករំលែក៖