ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា៖
«នៅពេលនេះ ខ្ញុំកំពុងចេញដំណើរទៅប្រទេសវៀតណាម ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ ស្របជាមួយកិច្ចប្រជុំកំពូលជាមួយប្រទេស៣គឺ កម្ពុជា, ឡាវ, និងវៀតណាមលើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៣០- ៣១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ខ្ញុំសប្បាយរីករាយក្នុងការទៅចូលរួមក្នុងកិច្ចប្រជុំកំពូលទាំង២នេះ ជាពិសេស គឺដើម្បីកម្ពុជាកាន់តែមានឱកាសរឹតចំណងមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អរឹងមាំជាមួយប្រទេស និងថ្នាក់ដឹកនាំនៃប្រទេសតំបន់ត្រីកោណ។ តាមរយៈកិច្ចប្រជុំកំពូលនេះ នឹងឆ្លុះបញ្ចាំងនូវការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកំពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងមហាអនុតំបន់មេគង្គ និងក្នុងក្របខ័ណ្ឌកម្ពុជា,ឡាវ, វៀតណាម ដើម្បីធានាឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។
សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា» ៕