ភ្នំពេញ៖ រថយន្តទូតរុស្ស៊ីមួយគ្រឿង បានបើកប៉ះជាមួយរថយន្តរបស់នគរបាលផ្នែកគ្រឿងញៀនបន្តិចបន្ទួច តែមិនព្រឈប់ទទួលខុសត្រូវ ក៏ព្យាយាមបើករត់ តែត្រូវបានរថយន្តរងគ្រោះដេញឃាត់បាន និងវាយកញ្ចក់ផ្នែកខាងក្រោយរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅគល់ស្ពានអាកាស៥មករា តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេបានឃើញរថយន្តម៉ាកឡិចសុីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR 1996 បើកបរដោយបុរសម្នាក់ដែលអះអាងថា ជានគរបាលផ្នែកការិយាល័យគ្រឿងញៀន ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរ៉ុស្សុី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបំរ៉ុងបើកឡើងស្ពានអាកាស៥មករា ស្រាប់តែមានរថយន្តម៉ាកKAR ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខCD67 015 បើកបរដោយបុរសជនជាតិម្នាក់ ធ្វើដំណើរមកពីក្រោយក៏បានប៉ះរថយន្តឡិចសុីសពីចំហៀងខាងក្រោយផ្នែកខាងស្តាំបន្តិចបន្តួចហើយបានព្យាយាមបើករថយន្តរហូតមកដល់ចំណុចមុខក្រសួងការពារជាតិ ទើបដេញឃាត់បានភ្លាមនោះម្ចាស់រថយន្តឡិចសុីសបានចុះពីលើរថយន្តហើយយកអាយឌីវាយកញ្ចក់រថយន្តបង្កផ្នែកខាងក្រោយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុដោយសារតែពាក់ព័ន្ធនិងទូតរុស្ស៊ីទើបប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ