ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ស្ត្រីសង្ស័យ៣នាក់រួមគ្នាវាយស្ត្រីម្នាក់បណ្ដាលឲ្យរងរបួសក្នុងភ្លើងប្រចណ្ឌ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ស្ត្រីសង្ស័យ៣នាក់មានម្នាក់ជនជាតិវៀតណាមត្រូវបានសមត្ថកិច្ចនគរបាលស្រុកដែលឃាត់ខ្លួនបន្ទាប់ពីបានប្រើហឹង្សារួមគ្នាវាយទៅលើស្ត្រីម្នាក់បណ្ដាលឲ្យរងរបួសយ៉ាងដំណំដោយមូលហេតុប្រចណ្ឌប្ដីជាមួយជនរងគ្រោះ។

ហេតុការណ៍ប្រើហឹង្សានេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍១៣កើត ខែចេត្រ ឆ្នាំរកា ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៩និង២០នាទីព្រឹក ស្ថិតនៅត្រង់ចំនុចវាលស្រែ ក្នុងភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានឲ្យកាសែតនគរវត្តដឹងថាស្ត្រីសង្ស័យដែលឃាត់ខ្លួនមាន ១-ឈ្មោះ ឃ្លាំង សោភ័ណ្ឌ ហៅងិត អាយុ៣៤ឆ្នាំ រស់នៅភូមិធ្នង់ឃុំថ្នាធ្នង់ស្រុករំដួល, ២-ឈ្មោះ ម៉ា លន់ អាយុ៦៦ឆ្នាំ រស់នៅភូមិធ្នង់ឃុំថ្នាធ្នង់ស្រុករំដួលនិង៣-ឈ្មោះង្វៀង ធីហៅ អាយុ៣២ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅប្រទេសវៀតណាម។

ប្រភពបន្តថាចំណែកស្ត្រីដែលរងគ្រោះមានឈ្មោះ មាស ស្រីតូច អាយុ24ឆ្នាំមានទីលំនៅឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀង។

តាមស្ត្រីសង្ស័យឈ្មោះឃ្លាំង សោភ័ណ្ឌ ហៅងិត បានសារភាពប្រាប់សមត្ថកិច្ចថាមូលហេតុដោយសាររូបខ្លួនប្រចណ្ឌ័ប្ដីនិងស្ត្រីរងគ្រោះខ្លាំងពេកទ្រាំមិនបានក៏កើតជាអំពើហឹង្សានេះតែម្ដងទៅ។

ក្រោយពីសាកសួររួចនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមច្បាប់ចំណែកស្ត្រីជនជាតិវៀតណាម ឈ្មោះ ង្វៀង ធីសមត្ថកិច្ចនគរបាលបានកំពុងទំនាក់ទំនងជាមួយភាគីសមត្ថកិច្ចវៀតណាមដើម្បីចាត់ការតាមច្បាប់។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីព្យាបាលមុខរបួស៕ យឹម សុថាន


ចែករំលែក៖