ភ្នំពេញ៖ យុវជនម្នាក់ត្រូវឪពុកបង្កើតខាងស្រីនាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូបែកក្អម ដើម្បីសាកសួរ បន្ទាប់ពីរូបគាត់បានបាត់កូនស្រីពីផ្ទះរយះពេល៥ថ្ងៃ រួមទាំងម៉ូតូ១គ្រឿង ដែលកូនស្រីគាត់ជិះចេញពីផ្ទះ ។
ករណីនេះ កើតឡើងកាលពីថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។
យុវជនសង្ស័យ ឈ្មោះ សម្បត្តិ ចាន់សីហា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួលសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ ។ ចំណែកភាគីខាងស្រីឈ្មោះ ហ៊ុន សុថារី ហៅស្រីនិច អាយុ១៩ឆ្នាំ ស្នាក់នៅបុរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
បើតាមសម្តីឪពុករបស់ភាគីខាងស្រីបានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគាត់បានបាត់កូនស្រីចេញពីផ្ទះរយះពេល៤ទៅ៥ថ្ងៃមកហើយ រួមជាមួយម៉ូតូ១គ្រឿងទៀតផងដែរ ប៉ុន្តែដោយសារគាត់បានស្រាវជ្រាវតាមរយះមិត្តភក្តិកូនស្រីគាត់ ទើបដឹងពីកន្លែងពួកគេជួលបន្ទប់ស្នាក់នៅម្តុំសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ ទើបគាត់ឃើញយុវជនខាងលើ ក៏នាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍អូបែកក្អម ទើបសមត្ថកិច្ចនាំខ្លួនយុវជននោះទៅរកកូនស្រីគាត់ឃើញហើយមកដោះស្រាយគ្នានៅនគរបាលប៉ុស្តិ៍អូបែកក្អមវិញ។
ប្រភពពីនារីវ័យ១៩ឆ្នាំ ដែលរត់ចេញពីផ្ទះទៅរស់នៅជាមួយនិងប្រុសសេ្នហ៍នោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឲ្យនាងចេញពីផ្ទះគឺដោយសារតែនាងខឹងរឿងម្តាយមិនព្រមប្តូរសេរី ម៉ូតូឲ្យទើបនាងចេញទៅរស់នៅជាមួយនិងប្រុសសេ្នហ៍បែបនេះ ដែលទើបតែស្គាល់គ្នាបានរយះពេល១ខែតែប៉ណ្ណោះ ។
នាងបានបញ្ជាក់ទៀតថា ការដែលនាងសម្រេចចិត្តបែបនេះ គឺគ្មានការបង្ខិតបង្ខំពីភាគីខាងប្រុសនោះទេ គឺស្ម័គ្រចិត្តដោយខ្លួនឯង។
ដោយឡែកភាគីខាងប្រុសវិញ បានឲ្យដឹងថា ខ្លួនស្គាល់គ្នា និងនារីខាងលើតាមរយះលេង facebook ក្រោយមកនាង ក៏បានជិះម៉ូតូ១គ្រឿងម៉ាក ZOOMerX មិនចាំស្លាកលេខមកជាមួយ ក្រោយខ្លួនបានយកម៉ូតូនោះទៅបញ្ចាំបានលុយចំនួន៤០០ដុល្លារចាយវាយជាមួយនារីជាស្រីសេ្នហ៍អស់ទៅ ។
លុះដល់ថ្ងៃកើតហេតុពេលគេកំពុងដើរតាមផ្លូវស្រាប់តែឪពុកភាគីខាងស្រីឃើញចាប់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយនៅប៉ុស្តិ៍តែម្តង ។ ប៉ុន្តែដោយសារការដោះស្រាយនៅប៉ុស្តិ៍មិនត្រូវគ្នា ក៏បញ្ជួនសំណុំរឿងទៅអធិការនគរបាលខណ្ឌសែនសុខដោះស្រាយបន្ត ៕ តុង សីហា