ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបុកម៉ូតូបណ្តាលឲ្យយុវជនម្នាក់ស្លាប់និង២នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់ ក៏មានយុវជនម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ និង២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូឌុបគ្នាហើយត្រូវបានរថយន្តកុងតឺន័រ បើកបុកកាលពីវេលាម៉ោង៧យប់ ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅខាងលិចជញ្ជីងថ្លឹងឡានចាស់ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះហេង រិទ្ធរាជ ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សនៃវិទ្យាល័យបែកចាន ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែក២នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យផងដែរ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតគេបានឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរី ឆ្នាំ២០១៣ ពណ៌ខ្មៅ (ស្លាកលេខដាច់បាត់) ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រ សណ្តោងកន្ទុយដឹកដែកសរសៃ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D 5506 ធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយបានបុកម៉ូតូ និងកិនបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ម្នាក់ របួសធ្ងន់២នាក់ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្ចាស់រថយន្តបានគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយពេលក្រោយ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ


ចែករំលែក៖