ព័ត៌មានទាន់ហេតុការណ៍៖

ជាងផ្សាដែក២នាក់ត្រូវសមត្ថកិច្ចខណ្ឌដង្កោចាប់ឃាត់ខ្លួនខណៈជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យហើយទម្លាក់ថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់មានមុខរបរកម្មករជាងផ្សាដែក ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោចាប់ឃាត់ខ្លួន ខណៈដែលពួកគេជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ហើយទម្លាក់ចោលគ្រឿងញៀន១ថង់តូចបំរ៉ុងជិះម៉ូតូគេចខ្លួន ។

ការចាប់ឃាត់ខ្លួនបុរស២នាក់នេះ ក្រោមបទជាប់សង្ស័យប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានឃាត់ខ្លួននៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃសុក្រ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ២១៧ ទល់មុខវត្តសំបួរមាស ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យទី១ ឈ្មោះ ឡេង ផា អាយុ២៧ឆ្នាំ (ជិះពីក្រោយ) និងឈ្មោះ សុខលាភ អាយុ៣៦ឆ្នាំ មុខរបរជាងផ្សាដែក មានទីលំនៅខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី០១៨ ពាក់ស្លាកលេខ តាកែវ 1P-4606។

សមត្ថកិច្ចបានប្រាប់ថា មុនពេលឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើនេះ គឺកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះលើដងផ្លូវ២១៧ ដែលដឹកនាំដោយលោក ម៉ុក ពុទ្ធា នាយករដ្ឋបាលសាលាខណ្ឌដង្កោ។ នៅវេលាម៉ោងជាង៧យប់ជនសង្ស័យ២នាក់ជិះម៉ូតូពីជើងមកត្បូងតាមបណ្តោយផ្លូវ២១៧ លុះមកដល់គោលដៅត្រួតពិនិត្យជនសង្ស័យម្នាក់ឈ្មោះ ឡេង ផា ជិះពីក្រោយបានទម្លាក់ថ្នាំញៀន ហើយពេលកម្លាំងប្រជាការពារឃើញទាន់ ក៏រើសថង់ថ្នាំញៀន និងចាប់ឃាត់ខ្លួនតែម្តង។ ក្នុងនោះដកហូតវត្ថុតាងថ្នាំញៀន១ថង់តូច និងម៉ូតូ១គ្រឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ៕ តាឡឹម


ចែករំលែក៖