ភ្នំពេញ៖ស្រីស្អាតដែលបម្រើការងារនៅរដ្ឋសភា ស្លាប់យ៉ាងអាថ៌កំបាំង ដែលសមត្ថកិច្ចធ្វើរបាយការណ៍ថាជាអំពើអត្តឃាតនោះ ឥឡូវការពិតត្រូវបានបង្ហាញ គឺ ជាករណីឃាតកម្ម ដែលមានលោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុសលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ជាប់ពាក់ព័ន្ធករណីនេះ ។
នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅវេលាថ្ងៃត្រង់ទី៣១ ខែមីនា នេះ ពុំទាន់ឃើញបញ្ជូនក្រុមជនសង្ស័យទាំង៥នាក់ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយទេ ។
សមត្ថកិច្ចបានបំបែកសំណុំរឿងស្ត្រីរូបស្រស់ឈ្មោះ ចេវ សុវឌ្ឍនា បម្រើការនៅរដ្ឋសភា ដែលស្លាប់ដោយរូបភាពធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅនឹងបង្អួចក្នុងភូមិគ្រឹះ នៅភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ មិនមែនជាករណីអត្តឃាតនោះទេ គឺជាការអំពើឃាតកម្ម។
ប្រភពព័ត៌មានច្បាស់ការណ៍បង្ហើបឱ្យដឹងថា នៅមានជនសង្ស័យជាច្រើនទៀត អាចពាក់ព័ន្ធករណីដ៏កក្រើកនេះ៕ចេស្តា