ភ្នំពេញ ៖ សមត្ថកិច្ចកម្ពុជាបានរកឃើញទីតាំងបង្ខាំងមនុស្សធ្វើទារុណកម្មលើរាងកាយជនជាតិចិនដូចគ្នានិងឈានដល់ការឃាត់ខ្លួនកាលពីវេលាម៉ោង៤រសៀលថ្ងៃសុក្រ ១៤កើត ខែចេត្រ នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៨ នៅចំណុចផ្ទះលេខ០១៥ ផ្លូវលេខ ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជន សង្គមងងឹតនេះដឹកនាំដោយលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងនោះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យជាជន ជាតិចិន៦នាក់ពាក់ព័ន្ធនឹងករណីបង្ខាំង មនុស្សធ្វើទារុណកម្មដោយយកខ្សែចំណងជ័រចងដៃរួចធ្វើទារុណកម្មរាង្គកាយទៅលើជនជាតិចិនដូចគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលចុះ បង្ក្រាបកម្លាំងបានទទួលព័ត៌មានពីជនជាតិចិនរងគ្រោះបានធ្វើជាសញ្ញាយកដៃសំពះគោលបំណងឲ្យជួយធ្វើអន្តរាគមន៍ខ្លួនផង។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចូលជួយ ធ្វើអន្តរាគមន៍សមត្ថកិច្ចបានរកឃើញនិងជួយជនរងគ្រោះបាន១១នាក់ ក្នុងនោះ មាន៥នាក់រងរបួសស្នាមលើខ្នងនិងផ្ទៃមុខដែលជនសង្ស័យធ្វើទារុណកម្មយករំពាត់ឈើវាយលើខ្នង និងវាយលើផ្ទៃមុខ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាជនរងគ្រោះទាំង៥នាក់មាន ៖
ទី១-ឈ្មោះ Wang Kun ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន មុខរបរគ្មាន, ២- ឈ្មោះ Zov Chong Yan ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចិន មុខរបរគ្មាន, ៣-ឈ្មោះ Liu Ya Zhou ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរគ្មាន។ ៤-ឈ្មោះ Wang Xing Ang ភេទប្រុស អាយុ៣៣ឆ្នាំ ជន ជាតិចិន មុខរបរគ្មាន។ ៥-ឈ្មោះ Li Jao Ping ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ។
ដោយឡែកជនសង្ស័យទាំង៦នាក់ដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ៖
១-ឈ្មោះ Jiang Cheng Cheng ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ គ្មាន, ២-ឈ្មោះ Ta Xing ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរគ្មាន, ៣-ឈ្មោះ Hony Xiao Hony ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរគ្មាន, ៤-ឈ្មោះ Xu Hao ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរគ្មាន, ៥-ឈ្មោះ Cheng Kun ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ គ្មាន។ ៦-ឈ្មោះ Niu Yang ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ។
ជនជាតិចិនទាំង១១នាក់ខាងលើស្នាក់នៅបណ្តោះអាសន្ននៅផ្ទះលេខ០១៥ ផ្លូវលេខ៣៦៩ ភូមិចំពុះ ក្អែក សង្កាត់ព្រែក ថ្មី ខណ្ឌច្បារអំពៅ និងពុំមានលិខិតឆ្លងដែន ទាំងអស់ ។
វត្ថុតាងចាប់យករួមមាន ខ្សែចំណងជ័រ មិនទាន់ប្រើ១ដុំ, ខ្សែចំណងជ័រប្រើរួចមួយ ចំនួន, Ipaid ១គ្រឿង, កុំព្យូទ័រលេបថប មួយកំប្លេ, ទូរស័ព្ទដៃ៩គ្រឿង (i Phone ៧ គ្រឿង, Oppo២គ្រឿង), លុយចំនួន៧០ ដុល្លារ, លុយខ្មែរ៣ម៉ឺនរៀល និងកូនសោ ២ចង្កោម ។
បច្ចុប្បន្នជនជាតិចិនទាំង១១នាក់រួម នឹងវត្ថុតាង ត្រូវបាននាំមករក្សាទុក និងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅដើម្បីចាត់ការតាមនីតិវិធី ៕ ស តារា