ខេត្តកណ្តាល ៖ នឹកឡើងហួសចិត្តដែល បុរសម្នាក់គិតខ្លីដោយសារតែប្រចណ្ឌប្រពន្ធខ្លាំងពេកក៏លេបថ្នាំពុលសម្លាប់ខ្លួន៣ដង តែមិនស្លាប់។ លុះចុងក្រោយដេញកាប់ ប្រពន្ធរត់បាតជើងសព្រាត ហើយកាប់ប្រពន្ធ មិនបានយកកាំបិតកាត់ម្រាមដៃខ្លួនឯង អស់១ម្រាមទើបឡើងទៅចងកសម្លាប់ខ្លួនបានសម្រេច ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃសុក្រ ១៤កើត ខែចេត្រ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹក នៅភូមិព្រះ ប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង បុត្រ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំកើតហេតុ។ ចំណែក ប្រពន្ធឈ្មោះ ទូច ស្រីពៅ អាយុ៣៤ឆ្នាំ ជន ជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
អ្នករស់នៅជិតខាងផ្ទះជនរងគ្រោះបានឲ្យដឹងថា កន្លងទៅជនរងគ្រោះតែងតែរក រឿងឈ្លោះជាមួយប្រពន្ធ និងប្រចណ្ឌដោយ ចោទថាមានសហាយ ហើយធ្លាប់លេបថ្នាំសម្លាប់ខ្លួន៣លើកមកហើយតែបានប្រពន្ធ ជួយទាន់។ លុះមកដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨យប់ជនរងគ្រោះបានផឹកស្រាស្រវឹងហើយឡើងដេកនៅលើផ្ទះដោយបិទទ្វារទុកឲ្យប្រពន្ធដេកនៅបន្ទប់ក្រោមផ្ទះតែម្នាក់ឯង។ រហូតដល់ ម៉ោង១០យប់ជនរងគ្រោះបានបើកទ្វារឲ្យប្រពន្ធឡើងដេកជា មួយ តែប្រពន្ធមិនទៅ។ លុះដល់ម៉ោង៤ទៀបភ្លឺថ្ងៃទី៣០ ខែមីនា ឈ្មោះ ទូច ស្រីពៅ ជាប្រពន្ធបានក្រោកពីដេកមកចិតបន្លែ ស្រាប់តែជនរងគ្រោះរក រឿងជេរស្តី និងបានហៅឲ្យឡើងទៅដេក វិញតែប្រពន្ធនិយាយថា មិនទៅដេកទេ ព្រោះដល់ម៉ោងរៀបចំអីវ៉ាន់លក់ហើយ។ ពេលនោះជនរងគ្រោះបានយកកាំបិតបុ័ងតោមកដេញកាប់ប្រពន្ធតែប្រពន្ធបានរត់ គេចខ្លួនបាត់ ។
តាមសាក្សីបានឲ្យដឹងថា លុះដល់ម៉ោង ៧ព្រឹកថ្ងៃ៣០ ខែមីនា ជនរងគ្រោះបាន យកកាំបិតបុ័ងតោកាប់ម្រាមដៃខ្លួនឯងខាងឆ្វេងបណ្តាលឲ្យហូរឈាម ហើយឡើងទៅ លើផ្ទះម្នាក់ឯង ដោយនិយាយប្រាប់ប្រពន្ធ ថា «ជូនពរខ្លួនឯងឲ្យមានប្តីថ្មីល្អជាងខ្ញុំចុះ»។ ពេលទៅដល់លើផ្ទះជនរងគ្រោះក៏បានយកក្រមាចងកទៅនឹងធ្នឹមផ្ទះ ហើយថែមទាំងយកទូរស័ព្ទថតជាវីដេអូទៀតផង ទើបសម្រេចចិត្តចងកសម្លាប់ខ្លួនតែម្តង។
ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅ វេលាម៉ោង៨និង៣០នាទីព្រឹកគាត់ជាប្រពន្ធ បានបើកទ្វារផ្ទះស្រាប់តែឃើញប្តីចងក សម្លាប់ខ្លួនបាត់ទៅហើយ ទើបរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ព្រះប្រសប់។ បន្ទាប់ មកកម្លាំងនគរបាលជំនាញស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ចុះទៅពិនិត្យសាកសពជនរងគ្រោះយ៉ាងហ្មត់ចត់ដោយឃើញមានស្នាមជាំលើបំពង់កខាងមុខក្រៅពីនេះពុំ មានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។
ក្រោយពេលពិនិត្យរួចសមត្ថកិច្ចជំនាញបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ