ភ្នំពេញ ៖ អ្នកវិនិយោគទុនចិន បានមើលឃើញ ពីបរិយាកាសសេដ្ឋកិច្ច នៅកម្ពុជា កាន់តែល្អប្រសើរឡើង បានសម្រេចចិត្ត បោះទុនវិនិយោគ ប្រមាណជា ១ពាន់លានយន់ ទៅលើវិស័យ អចលនទ្រព្យ វិស័យទេសចរណ៍ ជាដើម។
វេទិការកិច្ចប្រជុំកំពូលសកល បណ្តុំនៃខ្សែសង្វាក់ មូលដ្ឋាននៅកម្ពុជា និងកម្មវិធីសម្ពោធ ក្រុមហ៊ុន សានយា ខេមបូឌាអ៊ិកឆេនបានប្រារព្ធធ្វើឡើង កាលពីព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៨ នៅសណ្ឋាគារ អ៊ីនធើកុងទីណង់តាល់ ដោយមានការចូលរួម ពីអ្នកវិនិយោគចិន ជា២០០នាក់ និងតំណាងរាជរដ្ឋាភិបាល កម្ពុជាផងដែរ។
លោក ចាង លី អគ្គនាយកក្រុមហ៊ុន សានយា បានថ្លែងថា សានយា គឺជាមូនិធិមួយ ដែលបង្កើតឡើងតាមរយៈបច្ចេកវិទ្យាថ្មី បច្ចេកវិទ្យានេះ គឺជាបណ្តុំសង្វាក់ blockchain ដែលអាចអោយកម្ពុជា ក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសអាស៊ាន មានបច្ចេកវិទ្យា កំរិតខ្ពស់ និងលឿនជាងគេ ក្នុងវិស័យ blockchain នេះ។
លោក ចាង លី បន្តថា ចំពោះទុនវិនិយោគ ដំបូងនេះ មានប្រមាណជា ១ពាន់លាន យន់ ដោយទៅថ្ងៃខាងមុខ គម្រោងនេះ មិនផ្តោតតែលើវិស័យ មួយក្នុងផ្នែកហិរញ្ញវត្ថុទេ នឹងមានលើវិស័យទេសចរណ៍ អាកាសចរណ៍។
លោកអគ្គនាយកបន្ថែមថា មានមូលហេតុចំនួន៣ ដែលធ្វើអោយក្រុមហ៊ុន មកបណ្តាក់ទុនវិនិយោគ នៅកម្ពុជានេះ ទី១ ទំនាក់ទំនង មិនត្តភាព រវាង ចិន និង កម្ពុជា និងទំនាក់ទំនងការទូត កាន់តែរីកចម្រើន។ ទី២ មានអ្នកវិនិយោគចិន ជាច្រើនទៀត បានមកវិនិយោគ ហើយព័ត៌មាននេះ បានធ្វើអោយ ក្រុមហ៊ុន បានយល់ដឹងច្រើន ពីប្រទេសកម្ពុជា មាន បរិយាកាស វិនិយោគប្រសើរ មានធនធានច្រើន មានអំណោយផល ដល់ការវិនិយោគ និងទី៣ ដោយសារខ្ញុំបានមក ប្រទេសកម្ពុជា ជាច្រើនលើកមកហើយ និងបានស្វែងយល់ ស្រាវជ្រាវ មើលទីផ្សារ ក្នុងប្រទេសកម្ពុជា ពិតជាល្អក្នុងការវិនិយោគ៕ស តារា