ព័ត៌មានទាន់ហេតុការណ៍៖

ការដឹកស្រូវចំបើងលក់ឲ្យវៀតណាមសុទ្ធតែបង់លុយឲ្យមន្ត្រីច្រកព្រំដែនកោះរកា

ចែករំលែក៖

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរស់នៅ ស្រុកពាមជរបានរអ៊ូរទាំទាក់ទិននឹងការដឹកស្រូវ ចំបើង និងដឹកអាចម៍គោតាមគោយន្តបន្តិចបន្តួចយកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិកោះ រកាស្រុកពាមជរ ខេត្តព្រៃវែងត្រូវមន្ត្រីគ្រប់ស្ថាប័នប្រចាំការនៅមាត់ច្រកទ្វារអន្តរជាតិមួយនេះតម្រូវឲ្យពួកគាត់បង់លុយក្នុងមួយគោយន្តចំនួន៨.០០០រៀលដែលពួកគាត់ស្ទើរតែគ្មានចំណេញទាល់តែសោះ ។

បើតាមសម្តីប្រជាពលរដ្ឋម្នាក់សុំមិន បញ្ជេញឈ្មោះបានឲ្យដឹងថា ពួកគាត់រស់នៅក្នុងស្រុកពាមជរគ្មានមុខរបរអ្វីក្រៅពីធ្វើស្រូវចិញ្ចឹមជីវិតនោះទេ។ ឆ្នាំមុនៗការ ប្រមូលផលបានតិច ហើយស្រូវលក់ក៏បាន ថោកទៀតធ្វើឲ្យអ្នកខ្លះខាតបង់ប្រាក់ជាច្រើន។ ប៉ុន្តែមុខរបរធ្វើស្រែវាមិនទៀង ទាត់ទេទោះបីខាត ឬចំណេញក៏ត្រូវតែធ្វើប្រសើរជាងទុកដីទំនេរចោលអត់ប្រយោជន៍ ព្រោះមុខរបរមានតែប៉ុណ្ណឹង ។

ប្រជាពលរដ្ឋបានបន្តថា ឆ្នាំនេះពួកគាត់បង្កបង្កើនផលស្រូវប្រមូលផលច្រើនជាងឆ្នាំមុនៗ រីឯតម្លៃទីផ្សារក៏បានថ្លៃបន្តិចរហូតដល់១.០០០រៀលក្នុង១គីឡូក្រាម ខណៈឆ្នាំមុនៗបានតម្លៃត្រឹមតែ៧០០រៀលទៅ ៨០០រៀលតែប៉ុណ្ណោះ។ ក្រោយពីប្រមូលផលស្រូវបានហើយពួកគាត់ក៏បានលក់ទៅឲ្យឈ្មួញចូលមកទិញដល់ស្រែ និងខ្លះទៀត មានដីតិចតួចប្រមូលផលស្រូវបានតិចក៏ ដឹកតាមគោយន្តយកទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាមដោយខ្លួនឯងក្រែងបានតម្លៃថ្លៃបន្តិចសល់ប្រាក់ខ្លះចិញ្ចឹមគ្រួសារ។

ប្រជាពលរដ្ឋអ្នកស៊ីស្នួលដឹកស្រូវតាមគោយន្តឲ្យឈ្មួញយកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកានេះបានត្អូញត្អែរថា ពេលចូលទៅ ដល់មាត់ច្រកទ្វារគឺមន្ត្រីតាមប៉ុស្តិ៍មាននគរបាលអន្តោប្រវេសន៍ នគរបាលវរការពារ ព្រំដែន គយស្នាក់ការកាំកុងត្រូលសរុបក្នុងមួយគោយន្តត្រូវបង់អស់៤ម៉ឺនដុងបើគិតលុយខ្មែរស្មើ៨.០០០រៀលដោយពួកគេប្រាប់ថា សុំលុយថ្លៃបាយទឹក ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅ តំបន់ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ជាពិសេសពេលយប់ពួកគាត់ដេកមិនសូវលក់ទេ ដោយសំឡេងរំខានរបស់រថយន្តតូចធំមិនដឹងជាដឹកទំនិញអ្វីខ្លះនោះទេចូលមកពី ប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងទាំង តាមផ្លូវទឹក និងផ្លូវគោកមួយយប់ៗសឹង ទល់ភ្លឺ ហើយរថយន្តទាំងនោះបើកលឿនៗ ណាស់ ។

ប្រជាពលរដ្ឋបានបន្តថា មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិមួយនេះជូនកាលលួចបើកច្រករបៀងតាមក្រោយបើកដៃឲ្យទំនិញ និងសត្វពាហនៈ និងជនអន្តោប្រវេសន៍ ចេញចូលដោយសេរីទៀតផង។ ចំពោះ រាល់ការបង់ផាកពិន័យមិនសូវឃើញធ្វើ វិក្កយបត្រ ឬលិខិតស្នាមអ្វីឡើយដែលទង្វើ នេះនាំឲ្យបាត់បង់ខាតចំណូលថវិកាជាតិយ៉ាងធ្ងន់ធ្ងរតែចំណេញប្រយោជន៍បុគ្គល។

ដូច្នេះសូមឲ្យថ្នាក់លើជួយពិនិត្យមើលមន្ត្រីប្រចាំការច្រកទ្វារអន្តរជាតិមួយនេះផង សូម្បីតែប្រជាពលរដ្ឋខ្មែរដឹកកសិផលយកទៅលក់នៅប្រទេសជិតខាងបន្តិច បន្តួចក៏ពួកគេហ៊ានយកលុយពីប្រជាពល រដ្ឋផ្គើនទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលដែរ ៕ ហេង សូរិយា

 


ចែករំលែក៖