ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ភ្លាមៗដោយគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកសត្វគោ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ដោយត្រូវសត្វគោឆ្លងកាត់ផ្លូវជាន់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ត្រូវ និង ស្ថិតក្នុងភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប​ ខេត្ត ស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលស្លាប់មានឈ្មោះ ពៅ ម៉ៅ អាយុ៣៥ មុខរបរ កសិករ ជនជាតិ​ខ្មែរ បច្ចុប្បន្នរស់​នៅ​ភូមិ កញ្ឆែត ឃុំ​ស្វាយរំពារ ស្រុក ស្វាយទាបដោយជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាក​លេខព្រៃវែង ១E ១៣៩៩ ខូចខាតយ៉ាងដំណំ ។

ចំណែកម្ចាស់សត្វគោក្រោយកើតហេតុ មិនឃើញមានអ្នកភូមិណាម្នាក់ហ៊ានចេញមុខមកទទួលខុសត្រូវ និងដោះស្រាយអ្វីនោះទេ ខណៈសត្វគោបានបោលទៅខាងត្បូងផ្លូវបាត់ស្រមោលផងដែរ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាក​លេខព្រៃវែង ១E ១៣៩៩បានធ្វើដំណើរពីកើតទៅលិច ខណៈនោះស្រាប់តែមានសត្វគោមួយក្បាលបានរត់ឆ្លងកាត់ផ្លូវពីជើងមកត្បូងបណ្ដាលឲ្យម្ចាស់ម៉ូតូចាប់ហ្វ្រាំងមិនទាន់ក៏បុកយ៉ាងពេញទំហឹងលាន់សូរប្រ៉ាវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង ។

ក្រោយមកអ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ ដើម្បីជួយសង្គ្រោះដឹកមកកាន់មន្ទីពេទ្យ ប៉ុន្តែអកុសសដោយរបួសធ្ងន់ធ្ងរពេកក៏ស្លាប់នឹងកន្លែង។

សពត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖