ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ថា នឹងទៅចូលរួមសង្រ្កាន្តនៅខេត្តសៀមរាប ។
សម្តេចថ្លែងយ៉ាងដូច្នេះថា៖
«ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ច្បាស់ណាស់បងប្អូនជនរួមជាតិប្រាកដជាមានគម្រោងទៅកំសាន្តសប្បាយនៅតាមតំបន់រមណីយដ្ឋាននានាជាច្រើននៅក្នុងប្រទេសកម្ពុជា។ នេះក៏ជាឱកាសចំពោះកូនក្មួយយុវជន និងទេសចរបរទេសដែលចង់ស្វែងយល់អំពីបុណ្យប្រពៃណីទំនៀមទម្លាប់របស់កម្ពុជា។ សូមអញ្ជើញចូលរួមមកកំសាន្តសប្បាយគ្រប់ៗគ្នា។
ឆ្នាំនេះក៏ដូចឆ្នាំមុន ខ្ញុំនិងភរិយានឹងទៅចូលរួមសង្រ្កាន្តនៅខេត្តសៀមរាប។ សង្ឃឹមថាបងប្អូននឹងចូលរួមអបអរសាទរសង្រ្កាន្តឆ្នាំថ្មីទាំងអស់គ្នានៅលើទឹកដីអង្គរដ៏បរវររបស់យើង។
សន្តិភាពកាន់តែស្ថិតស្ថេរ ឱកាសកាន់តែមានទ្វេ ភាពភាពសុខដមរម្យនាក៏កាន់តែរឹងមាំយូរអង្វែង។ អរគុណបងប្អូនជនរួមជាតិដែលចូលរួមថែរក្សាការពារសន្តិភាពដើម្បីកម្ពុជាមានឱកាសអភិវឌ្ឍន៍រីកចម្រើន។
នៅរសៀលនេះ ខ្ញុំនឹងទៅដង្ហែព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតនៃយើងយាងវិលត្រឡប់ពីទីក្រុងប៉េកាំងមកកម្ពុជាវិញ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា» ៕