ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូទាំងស្រវឹង​ ជ្រុលទៅបុករថយន្ដដឹកជ្រូក ពីក្រោយពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់ជិះម៉ូតូទាំងស្រវឹង ពេលទៅដល់ត្រង់ចំណុចផ្លូវខ្វែង បានជែងរថយន្តលាយបេតុង ហើយជ្រុលទៅបុករថយន្តដឹកជ្រូកពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ខ្លួនឯង និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នៅតាមផ្លូវព្រៃស ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពីសមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះរូបនោះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ជិះម៉ូតូម៉ាកស៊ុយសាគីស្មាស់វី១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN-7286 ។ ចំណែករថយន្តដឹកជ្រូកម៉ាក នីស្សាន់ឌីស៊ែល ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-0012 បើកបរដោយបុរសម្នាក់ឈ្មោះ ឆន រាជ អាយុ២៨ឆ្នាំមានទីលំនៅក្នុងភូមិកណ្ដាល ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុបុរសរងគ្រោះខាងលើបានជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត វ៉ារថយន្តដឹកស៊ីម៉ង់ត៍១គ្រឿងនៅខាងមុខ។ ខណ:នោះក៏បានជ្រុលទៅបុកពីក្រោយរថយន្តដឹកជ្រូកចំកាងពេលដែលរថយន្តនេះកំពុងបើកបរក្នុងទិសដៅពីជើងទៅត្បូង ហើយដៃចង្កូតម៉ូតូបានទាក់ជាមួយកាងរថយន្តអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសនោះរងរបួសធ្ងន់ បន្ទាប់មកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួននាំទៅសាកសួរនិងចាត់ការតាមច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖