ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសាររស់នៅក្នុងតំបន់បឹងទន្លេសាបនៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង កំពុងប្រើតួនាទីនិងអំណាចប្រមូលលុយពីបទល្មើសនេសាទយ៉ាងសុខស្រួល។ បើទោះបីរឿងអាស្រូវពុករលួយរបស់លោក ហួន ផល ត្រូវបានបើកកកាយជាបន្តបន្ទាប់ក៏ដោយក៏រហូតមកដល់ពេលនេះលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ មិនចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង នោះឡើយ។ ហេតុនេះហើយទើបមានមជ្ឈដ្ឋានខ្លះសង្ស័យថាលោក សុខ លូ អភិបាលខេត្តកំពង់ធំ ទទួលបានផលប្រយោជន៍ពីបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ផងដែរទើបមិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រកបដោយប្រសិទ្ធភាព។
តំណាងសហគមន៍នេសាទជាលក្ខណៈគ្រួសារនៃឃុំពាមបាង បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះមានជនជាតិខ្មែរនិងជនជាតិវៀតណាមធ្វើសកម្មភាពប្រើឧបករណ៍ខុសច្បាប់ប្រភេទរុញស៊ីបចាប់ត្រីនៅចំណុចទន្លេឆ្មាទាំងយប់ទាំងថ្ងៃដោយគ្មានមន្ត្រីរដ្ឋបាលជលផល ឬសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតចាត់វិធានការទប់ស្កាត់ឡើយ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលជលផលក្នុងឃុំពាមបាង ដែលមានលោក ហួន ផល គឺជាអ្នកឃុបឃិតឲ្យមានបទល្មើសនេសាទប្រើឧបករណ៍នេសាទដើម្បីប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម។ សូម្បីតែនៅតំបន់ដែនឡូត៍អភិរក្សបឹងទន្លេឆ្មាក្នុងឃុំពាមបាង ក៏លោក ហួន ផល ឃុបឃិតឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងមហន្តរាយផងដែរ។
តាមប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងពីសំណាក់លោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ទេនោះគឺលោក ហួន ផល និងបក្ខពួកមិនហ៊ានឃុបឃិតឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់យ៉ាងរាលដាលដូចសព្វថ្ងៃនេះឡើយ។ លើសនេះទៅទៀតប្រសិនបើលោក សុខ លូ អភិបាលខេត្តកំពង់ធំ យកចិត្តទុកដាក់បង្ក្រាបនិងទប់ស្កាត់បទល្មើសនេសាទឲ្យស្របទៅតាមបទបញ្ជាលេខ០០១របស់រាជរដ្ឋាភិបាលនោះ គឺគ្មានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងតំបន់បឹងទន្លេសាប នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដូចសព្វថ្ងៃនេះទេ ៕