ខេត្តកំពង់ស្ពឺ៖ កម្មការិនីរោងចក្រកាត់ដេរស្បែកជើងយីហោ ញ៉ូអាយធីធី ប្រមាណជាង៣០នាក់ បានដួលសន្លប់តៗគ្នា សង្ស័យពុលកាវបិទស្បែងជើង ត្រូវបានរថយន្តដឹកយកមកសង្គ្រោះនៅគ្លីនិកអែកជនមួយកន្លែងម្តុំផ្សារថ្នល់ទទឹង កាលភ្ញាក់ផ្អើលកម្មការិនីដួលសន្លប់កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នៅក្នុងក្រុមហ៊ុនសួនឧស្សាហកម្មវ៉ាយសេវេន រោងចក្រមានឈ្មោះ(ញ៉ូអាយធីធី)ដែលមានទីតាំងស្ថិតនៅក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់ក្រុមកម្មករបានប្រាប់សមត្ថកិច្ចឲ្យដឹងថានៅមុនពេលកើតហេតុពួកគេជាកម្មករមានទាំងអស់សរុប៥៥១នាក់ ស្រី៥០១ បានចូលបំរើការងារដូចសព្វមួយដង ស្រាប់តែកំពុងតែឈរបំពេញការងារមានកម្មករម្នាក់ឈ្មោះ ភព ស្រីពៅ ភេទស្រី អាយុ ២៦ឆ្នាំ មានអាការៈខ្យល់រាងវិលមុខធីងធោង ក្រោយមកក៏បានដួលសន្លប់ ដោយសារតែក្លិនកាវ បិទស្បែកជើង។គាប់ជួនពេលនោះក្រុមកម្មការិនីបាននាំគ្នាមកជួយនៅក្បែរនោះបានដួលសន្លប់តៗគ្នាសរុបទាំងអស់ចំនួន៣៤នាក់ ភ្លាមៗនោះរដ្ឋបាលរោងចក្របានយករថយន្តដឹកកម្មការិនីទាំងអស់នោះយកមកសង្គ្រោះនៅគ្លីនិកអែកជនមួយម្តុំផ្សារថ្នល់ទទឹង រហូតមកដល់រសៀលនេះបានធូរស្រាលខ្លះហើយ ហើយអ្នកខ្លះក៏បានវិលត្រឡប់ទៅផ្ទះវិញផងដែរ។
តាមការឲ្យដឹងពីក្រុមកម្មករនិយាយថា បណ្តាលមកពីធុំក្លិនកាវបិទស្បែកជើងឆូលខ្លាំងពេក ទើបបណ្តាលឲ្យមានការដួលសន្លប់តៗគ្នាបែបនេះទៅ ពេលនោះក្រុមសមត្ថកិច្ចនិងមន្ត្រីមន្ទីរការងារខេត្តកំពង់ស្ពឺក៏បានចុះទៅពិនិត្យនិងសួរសុខទុកក្រុមកម្មការិនីទាំងអស់នោះផងដែរ ៕ សេនាសក្តិ