ភ្នំពេញ៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង បក្ខពួក៥នាក់ នឹងត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ម្តងទៀត នៅព្រឹកថ្ងៃទី០៣ ខែមេសា នេះ ដើម្បីសាកសួរករណីឃាតកម្មលើនារីស្រស់ស្អាត ចេវ សុវឌ្ឍនា ។ ថ្ងៃនេះ មជ្ឈដ្ឋានមួយចំនួន រំពឹងថា តុលាការនឹងសម្រេចអំពីករណីដ៏កក្រើក នេះគឺ ចោទប្រកាន់ជនសង្ស័យទៅតាមច្បាប់ ។
សំណុំរឿងមួយនេះ គឺ ស្ថិតក្រោមចំណាត់ការរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
គួររំលឹកថា លោក ឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅមុខវិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ស្ថិតនៅចំងាយ ប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរប្រធានបក្សខេត្ត កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ក្រោយពិធីបញ្ចប់ដំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ ។
សមត្ថកិច្ចមានគ្នា៤ទៅ៥រថយន្ត បានឃាត់រថយន្តរបស់លោក ឡាយ វណ្ណៈ ដោយសមត្ថកិច្ចបានបង្ហាញដីកាបញ្ជាឱ្យចូលខ្លួន របស់លោកសៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយបាននាំលោក ឡាយ វណ្ណៈ មកកាន់រថយន្តសមត្ថកិច្ច នាំមកទៅកាន់រាជធានីភ្នំពេញ។
សរុបជនសង្ស័យទាំង៦នាក់ ពាក់ព័ន្ធករណីឃាតកម្មដ៏អាថ៌កំបាំងលើស្រ្តីឈ្មោះ ចេវ សុវឌ្ឍនា រួមមាន លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ ឈ្មោះ ចាន់ រី ភេទស្រី និងប្តីឈ្មោះ ជឹម វុធ ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា ឈ្មោះ មេន សម័យ អ្នកបើកឡាន ឱ្យលោក ឡាយ វណ្ណៈ និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឱ្យលោក ឡាយ ណារិទ្ធ។
ករណីឃាតកម្មសម្លាប់ស្ត្រីស្រស់ស្អាត ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ បានកើតឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ នៅក្រុងដូនកែវ ខេត្តតាកែវ ៕ ចេស្តា