ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅគ្រាដែលបុរសរងគ្រោះទៅអារឈើ(បង្គោលរបង)នៅក្នុងព្រៃ ដែលករណីនេះ ត្រូវបានគេសង្ស័យបណ្ដាលមកពីខ្យល់គរ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង៣០នាទី ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅក្នុងព្រៃម្ដុំអូរតក់ឡក់ ស្ថិតក្នុងស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ នុត ហៀប ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រះរុន ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើដំណើរទៅចំណុចកើតហេតុដើម្បីអារឈើ(បង្គោលរបង)។
ប្រភពដដែលបន្តទៀតថា ក្រោយកើតហេតុសមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធបានចុះស្រាវជ្រាវ និងធ្វើការពិនិត្យនៅកន្លែងក្រោយកើតហេតុ លទ្ធផល៖ ជនរងគ្រោះ(ស្លាប់)អាចបណ្ដាលមកពីជំងឺគាំងបេះដូង(ខ្យល់គរ) សាកសពបានធ្វើកំណត់ហេតុប្រគល់ជូនឈ្មោះ លីចេន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នាជនរងគ្រោះ(ត្រូវជាក្មួយ) ដើម្បីទទួលយកទៅចាត់ចែងតាមប្រពៃណីនៅឯស្រុក ៕ ប៉ឹម ពិន