ភ្នំពេញ៖ រថយន្ត២គ្រឿងបានរងការខូចខាតយ៉ាងដំណំ ខណៈដែរបុរសម្នាក់សង្ស័យស្រវឹង បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន មិនប្រយ័ត្នត្រង់ចំណុចផ្លូវបែកជាបួន ក៏ជ្រុលទៅបុករថយន្តម៉ាកកាមរីហាយប្រ៊ីត មួយគ្រឿងបើកដោយបុរសម្នាក់ពេញទំហឹង ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបន្តទៅបុករបងការដ្ឋានខុនដូរទំលុះធ្លាយទៅម្ខាងទៅមុខលែងរួច សំណាងល្អមិនមានមនុស្សរងរបួស ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង៤០នាទីរំលងអាធ្រាតឈានចូល ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីហនុកែងផ្លូវលេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២T-៤៩៧៨ បើកពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចខាងលើ ដោយមិនគោរពភ្លើងស្តុបបានជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីត មួយគ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២Z-៨៩០៦ បើកដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង កំពុងបើកឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តបង្ករេចង្កូតទៅបុករបងខុនដូរទំលុះទៅមុខលែងរួច ។ ចំណែករថយន្តទាំង២រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្ករឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុឲ្យភាគីទាំងពីរសម្របសម្រួលគ្នាដោយសារសម្រួលគ្នាមិនត្រូវទើបប្រគល់ឲ្យនគរបាលចរាចរណ៍ក្រុងធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងនេះ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៧មករា រងចាំដោះស្រាយគ្នាតាមក្រោយ ៕ ស រស្មី