ភ្នំពេញ ៖ ម៉ូតូធុនធំម៉ាកណៃហត មួយគ្រឿងបានត្រូវភ្លើងឆាបឆេះស្ទើរទាំងស្រុង ខណៈដែលម្ចាស់ម៉ូតូស្រវឹង បានបើកបរក្នុងល្បឿងយ៉ាងលឿនជ្រុលទៅបុកផ្ទះលក់សាំងដក បណ្ដាលឲ្យដួលហើយកំពប់សាំងលើម៉ូតូបង្កជាអគ្គិភ័យតែម្តង ប៉ុន្តែសំណាងល្អប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ។
ករណីគ្រោះថ្នាក់អគ្គិភ័យបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខហាងសាច់គោអាំង១៦៨ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកណៃហត ពណ៌ខ្មៅ មិនចាំផ្លាកលេខ ធ្វើដំណើរតាមបណ្តោយជាតិលេខ៥ ទិសដៅពីត្បូងទៅជើងក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែអ្នកបើកម៉ូតូបានបន្ថែមល្បឿនយ៉ាងលឿនឆ្លងកាត់ផ្លូវរថភ្លើង រួចក៏ជ្រុលទៅបុកកន្លែងលក់សាំងដប បណ្តាលឲ្យដួលដបសាំងបង្កការឆាបឆេះយ៉ាងសន្ធោសន្ធៅ និងឆេះឆ្លងរាលដាលឆេះម៉ូតូបង្កតែម្តង ។ ភ្លាមៗនោះប្រជាពលរដ្ឋនឹងសមត្ថកិច្ចបានយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់ពន្លត់អស់មួយបំពង់ និងយកទុយោទឹកបាញ់ទើបរលត់អស់ទាំងស្រុង ចំណែកអ្នកបើកបរម៉ូតូបង្កមិនមានរងរបួសធ្ងន់ធ្ងរនោះទេ ។ រីឯអ្នកលក់សាំងក៏មិនមានរងរបួសដែរ ព្រោះដបសាំងដួលនៅលើថ្នល់មុខផ្ទះ មិនបង្កឲ្យខូចខាតសម្ភារៈក្នុងផ្ទះលក់ចាបហួយនោះទេ ។
ក្រោយកើតហេតុជនរងគ្រោះជាម្ចាស់ផ្ទះ មិនចង់មានរឿងវែងឆ្ងាយក៏បានឲ្យម្ចាស់ម៉ូតូយកម៉ូតូទៅជួសជុលដោយខ្លូនឯង ដោយមិនទាមទារសំណងអ្វីឡើយ ៕ ស តារា